ដោយៈ សុផារី
ភ្នំពេញៈ ក្រោយការបើកដំណើរការផ្សារទំនើប Aeon Mall មានជ័យនៅបណ្តោយផ្លូវ៦០ម៉ែត្រ និងគម្រោងជាច្រើនផ្សេងទៀត បានផ្គត់ផ្គង់ទីផ្សារលក់រាយ កើនឡើងដល់ជាង៤៣ភាគរយនៃការផ្គត់ផ្គង់សរុប។
នៅក្នុងឆ្នាំ២០២៣នេះ ទីផ្សារលក់រាយត្រូវបានរំពឹងថា នឹងមានទំហំ ច្រើនជាង៨៧ម៉ឺនមែត្រក្រឡា។
អ្នកស្រី អាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា ការផ្គត់ផ្គង់លក់រាយត្រូវបានគេរំពឹងថា នឹងលើសពី៨៧៧.៨២៣ម៉ែត្រការ៉េ នៃទំហំដីឡូតិ៍សុទ្ធ។

លោកស្រីបានបន្តថា “ការកើនឡើងនៃចំនួនផ្សារទំនើប ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យហាងលក់ទំនិញ ដែលមានចំណាត់ថ្នាក់ទាប មានភាពទំនេរខ្ពស់ និងអាចជួបប្រទះបញ្ហាប្រឈម ដែលជាលទ្ធផល នឹងជំរុញឱ្យផ្សារទំនើបកាន់តែច្រើន ទាមទារឱ្យមានការជួសជុល កែច្នៃឡើងវិញ ឬផ្លាស់ប្តូរ ដោយប្រើប្រាស់យុទ្ធសាស្ត្រដំណើរការថ្មីមួយ”។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ក្រុមហ៊ុន PropNex Cambodia បានបង្ហាញថា គម្រោងលក់រាយថ្មីចំនួន០២ ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០២២ ខណៈគម្រោង ដែលបានបញ្ចប់រួចរាល់មានចំនួនរហូតដល់ទៅ១៥ ត្រូវបានចាក់បញ្ចូលបន្ថែមទៅក្នុងទីផ្សារលក់រាយ នៅក្នុងទីក្រុងភ្នំពេញ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា គម្រោងដែលទើបបញ្ចប់ថ្មីៗទាំងនេះ តំណាងឱ្យផ្ទៃក្រឡាសុទ្ធចំនួន៣៥៨.៤៧៧ ឬស្មើនឹងចំនួន៤៣ភាគរយ នៃការផ្គត់ផ្គង់សរុប។
កាលពីពេលថ្មីៗនេះ ផ្សារទំនើប អ៉ីអនម៉ល មានជ័យ បានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលក្លាយជាផ្សារទំនើបធំជាងគេ នៅក្នុងប្រទេសកម្ពុជា ក្រោមទុនវិនិយោគប្រមាណជិត២៩០លានដុល្លារអាមេរិក សាងសង់នៅលើផ្ទៃដីជាង១៧ម៉ឺនម៉ែត្រការ៉េ ក៏បានរួមចំណែកនៅក្នុងការផ្គត់ផ្គង់បន្ថែមទៅក្នុងទីផ្សារមួយនេះផងដែរ៕







