ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យស្វែងយល់ លើវិធានការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យពិភាក្សា ស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗ ក្នុងការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីលើកជាគម្រោងផែនការ សម្រាប់ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ដែលធ្លាប់បានកើតមានឡើងនាពេលកន្លងមក ក្នុងគោលបំណងលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។

អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុល លើការងារបច្ចេកទេសទាក់ទង នឹងគម្រោងសិក្សាលើការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ដើម្បីធ្វើយ៉ាងណា កំណត់ឱ្យបាននូវបញ្ហាប្រឈមផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងគម្រោង។
ជាងនេះទៅទៀត អង្គប្រជុំបានពិភាក្សាលើការពង្រីកវិសាលភាពការងារនេះ ឱ្យបានកាន់តែទូលំទូលាយ និងមានភាពច្បាស់លាស់ ដើម្បីអាចដោះស្រាយនូវបញ្ហាប្រឈម ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ធ្វើយ៉ាងណាជំរុញពន្លឿន លើការសិក្សាពីបច្ចេកទេសនៃគម្រោងការងារកែលម្អប្រព័ន្ធរំដោះ ទឹកភ្លៀងនេះឱ្យបានឆាប់រហ័ស ដើម្បីធ្វើបទបង្ហាញគោរពជូនទៅលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្ថែមសំដៅជំរុញឱ្យគម្រោងនេះ អាចអនុវត្តទៅបានដោយជោគជ័យ៕







