អចលនទ្រព្យខេត្តសៀមរាបបន្តរក្សាលំនឹងក្នុងឆ្នាំ២០២៣ ខណៈគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីជិតរួចរាល់

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ស្ថានភាពនៃទីផ្សារអចលនទ្រព្យនៅតាមតំបន់មួយចំនួននៅកម្ពុជាបានហាក់មានសន្ទុះល្អប្រសើរឡើងវិញ តែខ្លះទៀតនៅតែរក្សាលំនឹង ដូចកាលពីដើមឆ្នាំមុនដដែល។ ក្នុងនោះ ខេត្តសៀមរាបដែលជាខេត្តសក្ដានុពលមួយនៅកម្ពុជា ក៏មិនទាន់មានការប្រែប្រួលអ្វី ជាការកត់សម្គាល់ឡើយ មកដល់ដើមឆ្នាំ២០២៣នេះ។

លោក សំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ស្ថានភាពអចលនទ្រព្យនៅខេត្តសៀមរាប មិនទាន់មានអ្វីប្រែប្រួលនោះទេ។ គម្រោងវិនិយោគថ្មីៗនៅមិនទាន់មានលេចរូបរាងនៅឡើយ បើទោះបីជា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី បានប្រកាសពីការដាក់ដំណើរការឆាប់ៗនេះក្តី។

លោកបន្តថា លោកមិនទាន់ហ៊ានវាយតម្លៃ ពីស្ថានភាពយ៉ាងណានោះដែរ ពីទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាប។ កាលពីឆ្នាំមុន មានអ្នកវាយតម្លៃថាស្ថានភាពនឹងល្អតែមកដល់ឆ្នាំនេះ នៅតែរក្សាលំនឹងថេរ និងមិនមានការប្រែប្រួលឡើយ។

ការអភិវឌ្ឍអចលនទ្រព្យគឺ ត្រូវពឹងលើការវិនិយោគពីខាងក្រៅប្រទេសទើបមានកំនើនប្រសើរ ប៉ុន្តែ ស្របនឹងសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយនោះ ទីផ្សារនិងស្ថានភាពអចលនទ្រព្យនៅកម្ពុជាក៏ត្រូវបានមើលឃើញថានឹងនៅតែរក្សាភាពថេរដូចនឹងឆ្នាំមុន។

លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងផងដែរថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជាអាចវាយតម្លៃបានថា នឹងដូចមុនកូវីដ១៩វិញនៅចុងឆ្នាំ២០២៣។ សម្រាប់នៅដើមឆ្នាំនេះ ទីផ្សារអចលនទ្រព្យនឹងអាចប្រសើរនៅតំបន់ណាដែលមានការអភិវឌ្ឍគម្រោងរដ្ឋ ដូចជា ស្ពាន ថ្នល់ ហើយសន្ទុះនៃតម្លៃដីធ្លីក៏កើនឡើង ទៅតាមសន្ទុះនៃការអភិវឌ្ឍរបស់រដ្ឋផងដែរ។

លោកបន្តថា ការវិនិយោគដីធ្លី ដើម្បីប្រាក់ចំណេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពីព្រោះពេលនេះជាពេលមួយ ដែលយើងអាចនិយាយបានថា “ប្រយ័ត្ន” ខុសពីប៉ុន្មានឆ្នំា ដែលការវិនិយោគដីធ្លី គឺមានផលចំណេញខ្ពស់ ដូច្នេះបើទិញហើយដឹងតែចំណេញអាស្រ័យលើទីតាំង និងរយៈពេលនៃការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here