ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ជាកត្តាជំរុញឱ្យតម្លៃដីធ្លីហក់ឡើងបន្ថែមទៀត ទោះបីសេដ្ឋកិច្ចសកលមិនច្បាស់លាស់

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងគម្រោងពង្រីកផ្លូវចាស់ឱ្យមានទំហំកាន់តែធំ បានជំរុញឱ្យពលរដ្ឋកំពុងទទួលក្ដីសង្ឃឹម ពីតម្លៃដីធ្លីនៅតាមប​​​ ណ្ដោយផ្លូវដែលកំពុងសាងសង់ និងស្ថាបនាទាំងនោះ ។

ជាក់ស្តែងគ្រាន់តែរាប់ត្រួស រយៈពេលពីរបីខែចុងក្រោយនេះ ផ្លូវជាច្រើនខ្សែ បានបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពនិងពង្រីកបន្ថែម ដូចជាផ្លូវលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣ ខេត្តកំពត ផ្លូវលេខ៣១ តភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់បែកគុសទៅទីរួមស្រុកកំពង់ត្រាច ផ្លូវលេខ៣៣ ពីកំពង់ត្រាចទៅទីរួមខេត្តកំពត ផ្លូវជាតិលេខ៧ ពីស្គន់ទៅ កំពង់ចាមជាដើម រួមជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

ការអភិវឌ្ឍទាំងនេះបាននិងកំពុងធ្វើឱ្យអ្នកមានដីធ្លី នៅតាមបណ្ដោយផ្លូវទាំងនោះ រង់ចាំឱកាសក្នុងការឡើងថ្លៃ ដើម្បីលក់យកប្រាក់ចំណេញទាំងពលរដ្ឋ និងអ្នកទិញដីពីមុនទុកចំណេញជាដើម ។

លោកងិន ភារុំ ភ្នាក់ងារដីធ្លីមួយរូបនៅខេត្តកំពត និងកែបបានមានប្រ​សាសន៍ឲ្យដឹងថា ការសាងសង់ផ្លូវនិងពង្រីកផ្លូវ ឃើញមានការចាប់អារម្ម​ណ៍ពីសំណាក់អ្នកអភិវឌ្ឍន៍ អ្នកមានលុយក្នុងការទិញដី ដើម្បីទុកអភិវឌ្ឍន៍និងខ្លះទៀតទិញទុកចំណេញបន្ថែម ។

លោកបន្តថា “សម្រាប់ខេត្តកំពត​និងកែបមួយរយៈនេះ ឃើញថាចាប់ផ្ដើមមានការទិញលក់ដីធំៗឡើងវិញ ពោលគឺដីដែលមានតម្លៃរាប់ម៉ឺនដុល្លារដល់លានដុល្លារ ដោយអ្នកមានប្រាក់ច្រើន​ ជាពិសេសអ្នកនៅរាជធានីភ្នំពេ​ញ”។ លោកបន្តថា​ “អ្នកខ្លះគាត់មានលុយ តែមិនដឹងវិនិយោគអ្វី គាត់ក៏ស្វែងរកទិញដីធ្លីទុក ដោយក្នុងនោះដែរពួកគាត់ជាមានលុយច្រើន ក៏ស្វែងរកដីដែលធំៗនៅតំបន់​​ ដែលមានសក្ដានុពល ដើម្បីរកដៃគូអភិវឌ្ឍន៍នៅពេលអនាគត”។

លោកងិន ភារុំ បានបន្ថែមថា នៅក្នុងឆ្នាំ២០២៣នេះឃើញថា ការទិញលក់ដីនៅកែប ចាប់ផ្ដើមមានសកម្មភាពបន្តិចឡើងវិញ ស្របនឹងឆ្នាំមុនសម្រាប់ក្រុមលោកផ្ទាល់ គឺមិនមានការទិញលក់នោះទេ ពោលគឺអ្នកលក់ដីច្រើនតែមិនមានអ្នកទិញ ។

លោកជឿជាក់ថា ការសាងសង់ផ្លូវពីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានាក្នុងនោះ ក៏មានមកកាន់ទឹកដីនៃខេត្តកំពត និងកែប អាចនឹងធ្វើឱ្យតម្លៃដីធ្លីហក់ឡើងមួយកម្រិតទៀត”។លោកបន្តថា ការអះអាងនេះ ដោយសារតែផ្លូវទាំងនោះ នឹងធ្វើឱ្យការធ្វើដំណើររបស់ ប្រជាពលរដ្ឋកាន់តែស្រួល កាន់តែលឿន ស្របនឹងរដ្ឋបាលខេត្តនីមួយៗ ក៏កំពុងអភិវឌ្ឍន៍កន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ”។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍​ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន​ ទាំងផ្លូវតភ្ជាប់ពីភ្នំពេញទៅបណ្ដាខេត្តនិងផ្លូវនៅតាមបណ្ដាខេត្តទៅបណ្ដាខេត្ត ក៏ដូចជាផ្លូវក្នុងខេត្តផ្ទាល់ ។ ការអភិវឌ្ឍទាំងនេះ មិនត្រឹមតែជំរុញសេដ្ឋកិច្ចក្នុងតំបន់​​ និងប្រទេសកម្ពុជាទេ តែវាក៏នឹងទាក់ទាញដល់វិនិយោគិនក្នុង និងក្រៅប្រទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here