ដោយៈសុខុម
ប៉េកាំង: ប្រភពទម្លាយឱ្យដឹងថា ក្រុមនិយ័តករហិរញ្ញវត្ថុ និងក្រុមហ៊ុនគ្រប់គ្រងបំណុលស្អុយ(Bad debt) ធំៗបំផុតនៃប្រទេសចិន គ្រោងបញ្ចេញថវិកា២៤ពាន់លានដុល្លារអាមេរិក សម្រាប់ការរៀបចំឥណទានឡើងវិញ។
ការបញ្ចេញកញ្ចប់ថវិកាដ៏ច្រើននេះ ដើម្បីជួយស្រោចស្រង់ក្រុមហ៊ុនអភិវឌ្ឍន៍លេចធ្លោសំខាន់ៗក្នុងត្រីមាសទី១ ដើមឆ្នាំនេះ។
ក្រោមផែនការដែលត្រូវបានប្រកាស ជាលើកដំបូងកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ ដោយផ្ដល់ព័ត៌មានលម្អិតតិចតួចនេះ ធនាគារកណ្ដាលចិន (PBOC) នឹងផ្តល់ឥណទានប្រមាណ១១,៨ពាន់លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៧ ខែមករា ឱ្យដឹងថា ធនាគារកណ្ដាលចិន (PBOC) នឹងផ្តល់ឥណទាន ជិត១២ពាន់លានដុល្លារអាមេរិក នេះតាមរយៈក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មចិន China Huarong Asset Management និងដៃគូរបស់ខ្លួន ដើម្បីជួយដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពាក់បំណុលវ័ណ្ឌក ដែលត្រូវបានជ្រើសរើស ដោយគិតអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ១,៧៥%។
ទោះជាយ៉ាងណា ធនាគារកណ្ដាលចិន (PBOC) ក្រុមហ៊ុន China Huarong Asset Management និងក្រុមហ៊ុន China Cinda Asset Management បានបដិសេធមិនឆ្លើយបំភ្លឺទេទាក់ទិននឹងរឿងនេះ។
កញ្ចប់ឥណទានយ៉ាងច្រើន សន្ធឹកសន្ធាប់នេះបន្ថែម ពីលើវិធានការនានា ដែលត្រូវបានដាក់ចេញចាប់តាំងពីខែវិច្ឆិកា ដើម្បីស្រោចស្រង់ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលកំពុងដាំក្បាលចុះ។

ក្រុមនិយ័តករចិន កំពុងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានលក្ខណៈសំខាន់ជាប្រព័ន្ធ ហើយទន្ទឹមនេះក៏បញ្ចុះអត្រាប្រាក់ឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ) និងតម្រូវឱ្យបង់ប្រាក់កក់ (Down Payment) តិចជាងមុនផងដែរដើម្បីបង្កើនតម្រូវការ។
ទោះជាយ៉ាងណា វិធានការទាំងនោះកំពុងត្រូវបានរារាំង ដោយសារការផ្ទុះកូវីដ-១៩ រលកថ្មីទ្រង់ទ្រាយធំ បន្ទាប់ពីដ្ឋាភិបាលបានបោះបង់ចោលគោលនយោបាយសូន្យ-កូវីដ របស់ខ្លួនភ្លាមៗដើម្បីបើកព្រំដែនឡើងវិញ។
អាជីវកម្ម និងអតិថិជនអ្នកប្រើប្រាស់នានា មិនទាន់មានទំនុកចិត្តមាំទាំដូចមុនកម្រិតមុន ពេលផ្ទុះវិបត្តិកូវីដ-១៩ នៅឡើយទេ។ តួលេខផ្លូវការបានបង្ហាញកាលពីថ្ងៃច័ន្ទ ទី១៦ ខែមករា ថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន៧០នៃប្រទេសចិន កាលពីខែធ្នូ ចុងឆ្នាំ២០២២ បានធ្លាក់ចុះរយៈពេល១៦ខែជាប់គ្នា។
ជំនួសឱ្យការបញ្ចេញថវិកាសង្គ្រោះពេញលេញ រដ្ឋាភិបាលចិននាពេលនេះ ផ្តល់ការគាំទ្រដល់តែក្រុមហ៊ុន ដែលខ្លាំងលេចធ្លោជាងគេ នៅក្នុងទីផ្សារអចលនទ្រព្យប៉ុណ្ណោះ៕ South China Morning Post៕







