ដោយ: គង់ លាងហួរ
អន្តរជាតិ:អង្គការសហប្រជាជាតិ(UN)បានឱ្យដឹងថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ក្លាយជាប្រទេស ដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនៅឆ្នាំ២០២៣នេះ ទោះជាកំណើនប្រជាជនរបស់ឥណ្ឌាបាននឹងកំពុងធ្លាក់ចុះក៏ដោយ។
កាលពីឆ្នាំ២០២២កន្លងទៅ ចំនួនប្រជាជនចិនបានធ្លាក់ចុះ ជាលើកដំបូង ក្នុងរយៈពេល៦ទសវត្សរ៍ ហើយនេះជាវេនប្រវត្តិសាស្ត្រមួយ ដែលនឹងបង្ហាញពីការចាប់ផ្តើម នៃការថយចុះរយៈពេលវែង នៃចំនួនប្រជាជនចិន ជាមួយនឹងផលប៉ះពាល់យ៉ាងជ្រាលជ្រៅ សម្រាប់សេដ្ឋកិច្ចរបស់ខ្លួន និងពិភពលោក។
ប្រទេសឥណ្ឌាប៉ាន់ស្មានចំនួនប្រជាជនរបស់ខ្លួន មានចំនួន១,៣៨ពាន់លាននាក់ ធៀបនឹងប្រជាជនចិន១,៤ពាន់លានរបស់ចិន។
នៅមន្ទីរពេទ្យកុមារក្នុងរដ្ឋធានីញូវដេលី នៃប្រទេសឥណ្ឌា ទារកទើបនឹងកើតកំពុងត្រូវបានរក្សា នៅក្រោមការសង្កេតនៅឯអង្គភាព ថែរទាំទារករបស់ខ្លួន។
លោកវេជ្ជបណ្ឌិត Rinku Sengupta Dhar ទីប្រឹក្សាជាន់ខ្ពស់នៅមន្ទីរពេទ្យកុមារ Rainbow បានមានប្រសាសន៍ថា ទោះបីជាចំនួនប្រជាជនដ៏ខ្ពស់ផ្តល់គុណសម្បត្តិ ដូចជា កម្លាំងពលកម្មវ័យក្មេងយ៉ាងណាក្តី ប៉ុន្តែវាក៏បង្ហាញពីបញ្ហាប្រឈមចំពោះកំណើនសេដ្ឋកិច្ច និងធនធានផងដែរ។

នៅតាមដងផ្លូវនៃរដ្ឋធានីប្រទេសឥណ្ឌា ប្រជាជនយល់ថា រដ្ឋាភិបាលចាំបាច់ត្រូវចាត់វិធានការ ដើម្បីទប់ទល់កំណើនប្រជាជនរបស់ខ្លួន ដែលតាមពិតទៅកំពុងតែធ្លាក់ចុះ។
កំណើនប្រជាជនប្រចាំឆ្នាំរបស់ប្រទេសអាស៊ី ខាងត្បូងមួយនេះមានជាមធ្យម១,២ភាគរយ ចាប់តាំងពីឆ្នាំ២០១១ ពោលគឺធ្លាក់ចុះពី១,៧ភាគរយក្នុងរយៈពេល១០ឆ្នាំមុន។
លោក Azhar Khan ពលរដ្ឋក្នុងក្រុងញូវដេលី បានមានប្រសាសន៍ថា “រដ្ឋាភិបាលគួរតែបញ្ចេញនូវច្បាប់ និងបទប្បញ្ញត្តិមួយចំនួន ដែលជួយក្នុងការគ្រប់គ្រងចំនួនប្រជាជននៃប្រទេសរបស់យើង”។
ការប្រើប្រាស់វិធីសាស្រ្តរៀបចំផែនការគ្រួសារ នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់៦៦,៦៧ភាគរយ ក្នុងឆ្នាំ២០១៩-២០២១ ដោយកើនឡើងពី៥៣,៥ភាគរយ ក្នុងឆ្នាំ២០១៥-២០១៦៕







