ដោយៈ សុផារី
ព្រះសីហនុ: ព្រលានយន្តហោះអន្តរជាតិមួយទៀតរបស់កម្ពុជា ដែលមានតម្លៃ រហូតដល់៣០០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាលើផែនការមេរួចរាល់ហើយ។

ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិនេះ ស្ថិតក្រោមការសហការគ្នារវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី ដោយបានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) លើគម្រោងសាងសង់អាកាស យានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានឱ្យដឹងថា តាមកិច្ចព្រមព្រៀងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ៣០០លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល៥ឆ្នាំ៕







