អាហារដ្ឋានសម្រាប់ទទួលអ្នកដំណើរតាមផ្លូវជាតិលេខ៤បិទទ្វារជិតអស់ហើយក្រោយផ្លូវល្បឿនលឿនបើកដំណើរការ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ ពិតជាបានជួយសម្រួលច្រើនណាស់ ដល់ការធ្វើដំណើររបស់ពលរដ្ឋ និងនិងភ្ញៀវទេសចរទៅកាន់ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញ។

តែយ៉ាងណាក្ដីអាជីវករ ដែលធ្លាប់ទទួលផលពីអ្នកដំណើរ នៅតាមផ្លូវជាតិលេខ៤រួមមានអាហារដ្ឋាន កន្លែងលក់ផ្លែឈើ និងសូម្បីតែយាយម៉ៅ ដែលជាទីសក្ការបូជានោះ ក៏មានសភាពស្ងប់ស្ងាត់បណ្ដើរៗផងដែរ។

បើយើងមើលថយក្រោយបន្តិច ពោលគឺមុនពេលផ្លូវល្បឿនលឿនបើកដំណើរ ប្រជាពលរដ្ឋពីខេត្តព្រះសីហនុ និងមកកាន់រាជធានីភ្នំពេញ និងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ មានតែផ្លូវមួយប៉ុណ្ណោះ ដែលត្រូវឆ្លងកាត់គឺផ្លូវជាតិលេខ៤ ហើយជាទូទៅពួកគាត់ត្រូវការឈប់សម្រាក ទទួលទានអាហារ និងទិញអីវ៉ាន់នៅតាមដងផ្លូវ។

ប៉ុន្តែក្រោយពីផ្លូវល្បឿនលឿនសង់រួច និងដាក់ដំណើរការ ប្រជាពល​រដ្ឋភាគច្រើន ឬស្ទើរតែទាំងអស់បានឡើងលើផ្លូវល្បឿនលឿន ពីព្រោះចំណា​យពេលខ្លី និងស្រួលបើកបរ ដូច្នេះអាជីវកម្មនៅផ្លូវជាតិលេខ៤ក៏បានបិទទ្វារបន្តបន្ទាប់ជាពិសេសអាហារដ្ឋាន និងកន្លែងលក់ទំនិញសម្រាប់ភ្ញៀវ ។

សូម្បីតែលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលធ្វើដំណើរត្រលប់មកពីខេត្តកោះកុង និងធ្វើដំណើរតាមផ្លូវជាតិលេខ៤នោះ ក៏បានសរសេរបង្ហោះ លើបណ្ដាញសង្គមរបស់លោកថា ចង់បានម្ហូបឆ្ងាញ់ ច្រើន ហើយ ថោក ពិតជាមិនងាយមែន។

លោកបន្តថា “ចុះពីផ្លូវល្បឿនលឿនប្រុងចូលហាងល្បីៗ មួយចំនួននៅក្នុងទីរួមខេត្តកំពង់ស្ពឺ តែហាងទាំងនោះបានបិទទ្វារអស់ហើយ ដោយផ្លូវល្បឿនលឿនបានស្រូបអ្នកដំណើរអស់”។

បុគ្គលិកបម្រើការក្នុងហាងមួយកន្លែងម្ដុំពេជ្រនិល ក៏បាននិយាយថា ចាប់តាំងផ្លូវល្បឿនលឿន បានដាក់ដំណើរការ អាហារដ្ឋានដែលខ្លួនកំពុងបម្រើការនេះ មានភ្ញៀវតិចតួចណាស់បានចូលទទួល។ ខុសពីមុនមានភ្ញៀវច្រើនណាស់ចូលពីសាអាហារ និងទិញទំនិញដែលដាក់លក់នៅមុខហាង។

បុគ្គលិករូបនេះនិយាយថា មិនមែនតែហាងដែលខ្លួនធ្វើការទេ ដែលស្ងាត់ គឺគ្រប់ហាងទាំងអស់ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ពីព្រោះថាអ្នកដំណើរដែលចង់ទៅកំពង់សោម ឬអ្នកកំពង់សោមចង់ទៅភ្នំពេញ គេប្រើប្រាស់ផ្លូវល្បឿនលឿន ស្ទើរតែទាំងអស់គ្នាទៅហើយ ដូច្នេះក៏អត់មានភ្ញៀវត្រូវឆ្លងកាត់លេខ៤តទៅទៀត”។

ផ្លូវល្បឿនលឿនទី១របស់កម្ពុជា ពីភ្នំពេញទៅក្រុងព្រះសីហនុ បានដាក់ដំណើរការសាកល្បង ដោយឥតគិតកម្រៃនៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២២ និងចាប់ផ្ដើមយកកម្រៃសេវា ពីអ្នកដំណើរចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានបញ្ចុះតម្លៃមួយចំនួនជូនផងដែរ ។

បើតាមលោកស៊ុន ចាន់ថុលផ្លូវល្បឿនលឿន នេះនឹងត្រូវយកកម្រៃសេវាសម្រាប់ រថយន្តឆ្លងកាត់រហូតដល់៥០ឆ្នាំ និងប្រគល់ជូនរដ្ឋាភិបាលវិញសម្រាប់ថែទាំបន្ត ហើយនៅពេលនោះ រដ្ឋាភិបាលយកកម្រៃសេវា ឬក៏អត់នោះ អាស្រ័យលើរដ្ឋាភិបាលពេលនោះហើយ ពីព្រោះថានៅពេលនោះលោកក៏លែងនៅមានវត្តមានសម្រាប់ទទួលផ្លូវនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here