ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ គម្រោងអគារភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ ឬហៅថាបុរីកីឡាដែលស្ថិតនៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ទទួលស្វាគមន៍កីឡាករកីឡាការិនី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម បានបញ្ចប់គ្រោងអគារទាំង៦ និងគ្រោងពង្រីកការអភិវឌ្ឍការងារបន្តបន្ទាប់ទៀត។
អ្នកឧកញ៉ាសៀ ឬទ្ធីប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍន៍គម្រោងដ៏ធំនេះបានឱ្យដឹងថា រហូតមកដល់ពេលនេះ យើងសម្រេចបានលទ្ធផលច្រើនហើយ និងអាចទាន់នឹងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងប្រវត្តិសាស្ត្រ។

អ្នកឧកញ៉ាបន្តថា ព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ នឹងមកដល់កម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះហើយ។ដូច្នេះយើងត្រូវធ្វើយ៉ាងណាពន្លឿនការងារសាងសង់ ផ្នែកខាងក្នុងឱ្យបានរួចរាល់ តាមតែអាចធ្វើបាន ខណៈឆ្នាំនេះជាឆ្នាំដំបូងហើយ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម។
អ្នកឧកញ៉ាបន្ថែមថា តាមពិតទៅការសាងសង់គម្រោងនានា អ្នកអភិវឌ្ឍន៍ចង់ឱ្យយឺត ឬឆាប់បានទៅតាមហិរញ្ញវត្ថុ តែសម្រាប់ក្រុមហ៊ុនមិនមានបញ្ហាហិរញ្ញវត្ថុទេ ហើយក្រុមហ៊ុនសាងសង់ ក៏បានខិតខំណាស់ដែរនៅក្នុងរយៈពេលចុងក្រោយនេះ ។
លោកសុទ្ធ សុធារ៉ា អ្នកគ្រប់គ្រងគម្រោងនេះបានឱ្យដឹងថា តាមពិតទៅការសាងសង់គម្រោងនេះគឺ បានយឺតយ៉ាវបន្តិចនៅពេលដំបូង ដោយសារតែពេលបុកគ្រឹះ គឺចំពេលដែលកម្ពុជា ទទួលរងនូវគ្រោះទឹកជំនន់ និងមានភ្លៀងធ្លាក់ស្ទើរតែពេញមួយឆ្នាំ ដែលធ្វើឱ្យការងារសាងសង់គ្រឹះ ក្រោមមានការលំបាកបន្តិច ប៉ុន្តែដល់ពេលសាងសងគ្រឹះខាងក្រោមហើយ ក្រុមហ៊ុនក៏បានបន្ថែមកម្មករ បុគ្គលិកពន្លឿនការងារឱ្យបានលឿន និងធ្វើការទាំងថ្ងៃទាំងយប់ ។
លោកបន្តថា “មួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនសាងសង់បានប្រើប្រាស់កម្លាំងពលកម្ម កម្មករសុរបប្រមាណ៣០០០នាក់ ធ្វើការគ្រប់ផ្នែកដែលពាក់ព័ន្ធ ដើម្បីជំរុញឱ្យទាន់នូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ហើយថ្នាក់ដឹកនាំក្រុមហ៊ុន ក៏បានយកចិត្តទុកដាក់បំផុត សម្រាប់ការងារសាងសង់នេះដែរ ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ស៊ីហ្គេមនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បាននិងកំពុងមមាញឹក ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវនានា នៅជុំវិញរាជធានីភ្នំពេញ ជាពិសេសផ្លូវទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ ដូចជាផ្លូវជាតិលេខ៦អា ផ្លូវមហាវិថីឈ្នះឈ្នះ និងបានសាងសង់ផ្លូវថ្មីៗ ដើម្បីរំដោះការកកស្ទះចរាចរណ៍៕







