ទេសចរណ៍ផ្សារភ្ជាប់កីឡាៈ កីឡាករ កីឡាការិនីមកពីប្រទេសចំនួន៦ចូលរួមប្រកួតកីឡាប្រណាំងយានយន្តអន្តរជាតិនៅខេត្តមណ្ឌលគិរី

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ  ព្រឹត្តិការណ៍ “ការប្រណាំងយានយន្តសន្តិភាពខេត្តមណ្ឌ​លគិរីឆ្នាំ២០២៣” មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចំនួន ១១៥នាក់។

កីឡាករ កីឡាការិនីទាំងនោះ បានមកពីប្រទេស ចំនួន០៦ រួមមាន៖ ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម កូរ៉េ និងបារាំង។ ការប្រកួតមានវិញ្ញាសារចំនួន ០៣ ប្រភេទ ផ្សេងៗគ្នា ដែលរួមមាន ទី១. ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road មានចំនួន៣ក្រុម ដែលមានរថយន្តសរុបចំនួន ៦៧គ្រឿង ក្នុងនោះរួមមាន Class A សម្រាប់កីឡាករជំនាញ (Hard Core) Class B កីឡាករមធ្យម (Light Core) និង Class C សម្រាប់កីឡាករចូលរួមដំបូង (Overland)។

២. ការប្រណាំងរថយន្ត OFF ROAD RALLY មានរថយន្តសរុប ២០ គ្រឿង និងទី៣.ការប្រណាំងម៉ូតូមានម៉ូតូសរុបចំនួន១២១គ្រឿង ដែលត្រូវបានបែងចែកជា៥ ក្រុម ក្នុងនោះ រួមមាន៖ CLASS A, CLASS B, CLASS C, CLASS VIP និង CLASS Kids។

លោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានអញ្ជើញចូលរួមរបស់លោក លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ជាពិសេសកីឡាករ កីឡាការិនី ដែលមក ពីប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម កូរ៉េ និងបារាំង និងសូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តមណ្ឌលគីរី ក្លឹបរថយន្តគោព្រៃខេត្តមណ្ឌលគីរី សហព័ន្ធកីឡាយានយន្តកម្ពុជា ទីលានប្រណាំង១២ម៉ូតូផាក គណៈកម្មការ រៀបចំការប្រកួត កងកម្លាំងសន្តិសុខ ក្រុមការងារសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាចូលរួមរៀបចំព្រឹត្តិការណ៍ប្រកួតនេះប្រកបដោយជោគជ័យ។

“ព្រឹត្តិការណ៍ប្រណាំងយានយន្តសន្តិភាព ខេត្តមណ្ឌលគីរីឆ្នាំ២០២៣​” ដែលបានបញ្ចប់ការប្រកួត ប្រកបដោយជោគជ័យ នៅទីលានប្រកួត “១២ម៉ូទ័រផាក” ដែលជាទីលានលំដាប់ថ្នាក់អន្តរជាតិមួយ ដំបូងគេ បង្អស់នៅកម្ពុជាក្នុងខេត្តមណ្ឌលគីរី។

លោកហោ សារ៉ុនបានចាត់ទុកការប្រសិទ្ធនាម “ព្រឹត្តិការណ៍ប្រណាំងយានយន្តសន្តិភាពខេត្តមណ្ឌលគីរី ឆ្នាំ២០២៣” នេះ គឺជាការប្រសិទ្ធនាមដ៏ល្អមួយដែលឆ្លុះបញ្ចាំង ឲ្យឃើញពីការផ្តល់តម្លៃ និងការដឹងគុណចំពោះ “សន្តិភាព” ដែលជាម្លប់ដ៏ត្រឈឹងត្រឈៃ សម្រាប់យើងទាំងអស់គ្នា។ ម្លប់នៃសន្តិភាពដែលយើងកំពុងមាននាពេលបច្ចុប្បន្ននេះ បានកើតចេញពីការលះបង់ និងការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបញ្ជាក់ថា “វិស័យកីឡា ក៏មិនខុសពីវិស័យដទៃទៀតដែរ អាចមានការរីកចម្រើនឥតឈប់ឈរ លុះត្រាតែមាន”សន្តិភាព” ប្រៀបបីដូចជាពាក្យស្លោកកីឡាមួយឃ្លាថា “កីឡារស់ក្នុងសន្តិភាព”។

លោកបញ្ជាក់ថាវិស័យកីឡា និងវិស័យទេសចរណ៍ គឺជាវិស័យពីរដែលមានទំនាក់ទំនងគ្នា ជាក់ស្តែងព្រឹត្តិការណ៍ប្រណាំងយានយន្តសន្តិភាពខេត្តមណ្ឌលគីរីឆ្នាំ២០២៣នេះ នឹងចូលរួមផ្សព្វផ្សាយវិស័យ កីឡាទេសចរ​ណ៍ និងបង្ហាញពីគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង ជាពិសេស ខេត្តមណ្ឌលគិរីតែម្តង ដែលជាគោលដៅអេកូទេសចរណ៍ ប្រកបដោយភាពទាក់ទាញ ជាមួយធម្មជាតិដ៏ស្រស់បំព្រង និងអាកាសធាតុត្រជាក់ជាទីមនោរម្យ។ លើសពីនេះ ព្រឹត្តិ​កា​រណ៍ប្រកួតនេះ គឺជាភាពច្នៃប្រឌិតនៃការធ្វើពិពិធកម្ម កីឡាទេសចរណ៍ដែលជាផលិតផលទេសចរណ៍ដ៏ល្អ និងស័ក្តិសមបំផុតជាមួយខេត្តមណ្ឌលគីរី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here