កិច្ចចរចាតំបន់ទាមទារត្រួតស៊ីគ្នានៅឈូងសមុទ្រកម្ពុជា-ថៃ​អាចដំណើរការឡើងវិញនៅ២ខែខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយកដ្ឋានឥន្ធនៈរ៉ែ របស់ប្រទេសថៃបានឱ្យដឹងថា កាលបរិច្ឆេទសម្រាប់កិច្ចពិភាក្សារវាងប្រទេសថៃ និងកម្ពុជា ដើម្បីស្វែងរកប្រភពប្រេងថ្មី នៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា នៃឈូងសមុទ្រថៃ (OCA) អាចចាប់ផ្តើមឡើងវិញ ក្នុងរយៈពេល២ខែខាងមុខ។

លោក Sarawut Kaewtathip អគ្គនាយកនៃនាយកដ្ឋាននេះ បានមានប្រសាសន៍ថា គណៈកម្មាធិការបច្ចេកទេសរួមមួយ នៅក្រោមក្រសួងការបរទេស នៃប្រទេសទាំង២ នឹងចាប់ផ្តើមធ្វើការលើព័ត៌មានលម្អិតនៃកិច្ចពិភាក្សា ក្នុងរយៈពេល២ខែខាងមុខនេះ។

គេរំពឹងថា រដ្ឋបាល​គ្រប់គ្រងថ្មីរបស់ប្រទេសថៃបន្ទាប់ ​​នឹង​ជំរុញ​ការ​ចរចា​ជា​បន្ត​បន្ទាប់​ ខណៈ​អាណត្តិ​៤ឆ្នាំ​របស់​សភាបច្ចុប្បន្ន ​នឹង​ត្រូវ​បញ្ចប់​នៅ​ដំណាច់ខែ​មីនាខាងមុខនេះ។

លោក​បាន​បន្ថែម​ថា លោក​ជឿ​ជាក់​ថា “OCA ទំនង​ជា​ប្រភព​ប្រេង​ថ្មី​សម្រាប់​ប្រទេស​ថៃ និង​កម្ពុជា ព្រោះ​ទីតាំង​នេះ​ស្ថិត​នៅ​ជិត​ប្លុក​ឧស្ម័ន Bongkot និង Erawan”។

ប្លុកឧស្ម័នទាំងពីរដំណើរការដោយក្រុមហ៊ុន PTT Exploration and Production (PTTEP) គឺជាប្រភពសំខាន់នៃការផ្គត់ផ្គង់ឧស្ម័ន សម្រាប់ប្រទេសថៃ។ ប្រទេស​ថៃ​បាន​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ ដែល​មាន​តម្លៃ​ថ្លៃ​ សម្រាប់​ប្រើ​ក្នុង​ការ​ផលិត​ថាមពល បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ ក្នុង​ស្រុក​នៅ​ឈូង​សមុទ្រ។

លោក Kurujit Nakornthap នាយកប្រតិបត្តិនៃវិទ្យាស្ថាន Petroleum of Thailand បានមានប្រសាសន៍ថា នេះជាហេតុផលចម្បង ដែលនាំឱ្យតម្លៃថាមពល ដែលប្រើសម្រាប់គណនាថ្លៃអគ្គិសនី កើនឡើងដល់កម្រិតខ្ពស់បំផុត។

លោកបានបន្តថា “ប្រទេសថៃ និងកម្ពុជាទាំងពីរបានរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងវិបត្តិតម្លៃថាមពលសកល ដូច្នេះ នៅឆ្នាំ២០២៣នេះនឹងក្លាយជាពេលវេលាដ៏សមស្របមួយ សម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នា ដើម្បីស្វែងរកទីតាំងប្រេងថ្មី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here