ដោយ: គង់ លាងហួរ
ប៉េកាំង: បណ្តាក្រុមហ៊ុនចិននានាត្រូវបានគេរំពឹងថា នឹងរាយការណ៍ពីកំណើនប្រាក់ចំណូលខ្ពស់បំផុតរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំខាងមុខ ខណៈប្រទេសចិនបានបើកសេដ្ឋកិច្ចឡើងវិញ និងរៀបចំគោលនយោបាយរូបិយវត្ថុបង្កើនក្តីសង្ឃឹមសម្រាប់ប្រាក់ចំណេញខ្ពស់។
យោងតាមទិន្នន័យរបស់ Refinitiv IBES បានឱ្យដឹងថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនធំ និងមធ្យមរបស់ប្រទេសចិនត្រូវបានគេមើលឃើញថា នឹងកើនឡើង១៦,២ភាគរយ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនដ៏លឿនបំផុតចាប់តាំងពីឆ្នាំ២០១៧។
ការវិភាគនេះគឺផ្អែកលើក្រុមហ៊ុនចំនួន១.១៦៤ក្រុមហ៊ុន ដែលមានមូលធនប័ត្រទីផ្សារយ៉ាងហោចណាស់១ពាន់លានដុល្លារ។

សុទិដ្ឋិនិយមបានកើនឡើង បន្ទាប់ពីប្រទេសចិនបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយទីក្រុងប៉េកាំងបានប្តេជ្ញាគាំទ្រគោលនយោបាយបន្ថែម ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក ដែលកំពុងរងគ្រោះ។
លោក Herald van der Linde ប្រធានយុទ្ធសាស្រ្តភាគហ៊ុននៅធនាគារ HSBC បានមានប្រសាសន៍ថា ការបន្ធូរបន្ថយការរឹតបន្តឹងជំងឺកូវីដ និងការគាំទ្រពីទីផ្សារអចលនទ្រព្យនឹងជំរុញដល់ទស្សនវិស័យ សម្រាប់អ្នកប្រើប្រាស់ និងវិស័យដែលទាក់ទងនឹងការធ្វើដំណើរ នៅក្នុងប្រទេសចិន។
ទន្ទឹមនឹងនេះ វិស័យបច្ចេកវិទ្យាត្រូវបានគេរំពឹងថា នឹងឃើញមានកំណើនប្រាក់ចំណូល២៧ភាគរយ ធៀបនឹង៩,៤ភាគរយ ក្នុងឆ្នាំ២០២២ ខណៈវិស័យអចលនទ្រព្យនឹងទទួលបានប្រាក់ចំណេញខ្ពស់ជាង៩,៤ភាគរយ បន្ទាប់ពីបានធ្លាក់ចុះ៤,៩ភាគរយកាលពីឆ្នាំមុន។

ក្រុមហ៊ុន E-commerce JD.com និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងក្រុមហ៊ុនផ្តល់វេទិកាទីផ្សារ Alibaba Group ត្រូវបានគេរំពឹងថា នឹងរាយការណ៍ពីកំណើនប្រាក់ចំណេញ២៨,៨ភាគរយ និង១៨,៣ភាគរយរៀងៗគ្នា។
ជាមួយគ្នានេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Tencent Holdings ត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល១៩ភាគរយនៅឆ្នាំ២០២៣នេះ បន្ទាប់ពីធ្លាក់ចុះនៅឆ្នាំ២០២២៕







