ទីផ្សារទំនិញប្រណីតអឺរ៉ុបរង់ចាំការមកវិលត្រលប់នៃភ្ញៀវទេសចរចិនយ៉ាងអន្ទះសា

0

សុខុម

ប៉ារីស: ទីផ្សារលក់ទំនិញប្រណីតនៅអឺរ៉ុប កំពុងរីករាយស្វាគមន៍ការបញ្ចប់វិធានការបិទខ្ទប់កូវីដ-១៩ នៅក្នុងប្រទេសចិន ព្រោះការវិលត្រលប់នៃភ្ញៀវទេសចរចិន ដែលចាយលុយដៃទូលាយ អាចជួយឱ្យវិស័យនេះសម្រេចបានកំណើនបន្ថែមទៀត។

មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ភ្ញៀវទេសចរចិន ដែលទៅលេងនៅអឺរ៉ុប គឺជាភ្ញៀវដែលទិញទំនិញច្រើនបំផុត នៅតាមហាងលក់ទំនិញប្រណីតៗ ជាពិសេសសម្លៀកបំពាក់ និងគ្រឿងអលង្ការប៊្រែនល្បីៗ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២២ ខែមករា។

លោកស្រី Joelle de Montgolfier ប្រធានផ្នែកទំនិញប្រណីតនៅក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងប្រចាំក្រុមហ៊ុន Bain and Company បានលើកឡើងថា ជនជាតិចិន មានចំណែកគ្របដណ្ដប់រហូតដល់ទៅ “១ភាគ៣នៃចំនួនអ្នកទិញទំនិញប្រណីត ក្នុងពិភពលលោក និង២ភាគ៣ នៃចំនួនអ្នកទិញទំនិញប្រណីត នៅក្រៅប្រទេសចិន”។

ការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរចិន បាននាំឱ្យធនាគារដ៏ធំរបស់កាណាដា RBC Bank ដំឡើងការព្យាកររបស់ខ្លួនថា វិស័យលក់ទំនិញប្រណីតនឹងសម្រេចបានកំណើន១១%នៅឆ្នាំនេះ បើធៀបនឹងកំណើន៧%ដែលខ្លួនបានព្យាករមុននេះ។

ធនាគារ RBC កាលពីពេលថ្មីៗនេះបានបញ្ជូនសារ ទៅកាន់អតិថិជនរបស់ខ្លួនថា “ការបើកប្រទេសចិន ឡើងវិញ គឺជាដំណឹងដ៏ល្អមួយសម្រាប់វិស័យលក់ទំនិញប្រណីតនៅឆ្នាំ២០២៣”។

ក្រុមហ៊ុន Bain and Company បានធ្វើការព្យាករកាលពីខែវិច្ឆិកា ថា វិស័យនេះនឹងសម្រេចបានកំណើន២២%ឈានដល់៣៨៤ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣៕ AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here