ដោយ: គង់ លាងហួរ
អន្តរជាតិ: មតិប្រតិកម្មចម្រុះជាច្រើនកំពុងកើតឡើង ស្របពេលដែលរដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យមានដំណើរទេសចរណ៍ជាក្រុម នៅក្រៅប្រទេស ទៅកាន់ប្រទេសចំនួន២០ឡើងវិញ រួមទាំងប្រទេសថៃផងដែរ។
ខណៈពេលដែលបណ្តាប្រទេសខ្លះស្វាគមន៍ដំណឹងល្អ ដែលភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើង ប៉ុន្តែប្រទេសមួយចំនួនទៀតមានការប្រុងប្រយ័ត្នចំពោះព័ត៌មានអាក្រក់ ដែលថាជំងឺកូវីដអាចនឹងរីករាលដាល។
លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃជឿជាក់ថា គោលនយោបាយទេសចរណ៍ថ្មីរបស់ប្រទេសចិននឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសថៃ។
លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យស្តីទីរបស់រដ្ឋាភិបាល បានមានប្រសាសន៍ថា “លោកក៏មានទំនុកចិត្តថា ប្រទេសថៃនឹងអាចទប់ស្កាត់លទ្ធភាពនៃការរីករាលដាលជំងឺកូវីដបាន”។
លោក Anutin បានបន្តថា ដំណើរទេសចរណ៍ជាក្រុមក្រៅប្រទេសមកពីប្រទេសចិននឹងដំណើរការជាជំហានៗក្នុងដំណាក់កាលសាកល្បងដំបូង និងជាមួយនឹងបទប្បញ្ញត្តិដ៏តឹងរឹងដែលដាក់លើទាំងអ្នកធ្វើដំណើរ និងភ្នាក់ងារទេសចរណ៍ចិន។
រដ្ឋាភិបាលថៃជឿជាក់ថា លំហូរចូលនៃដំណើរទេសចរណ៍ជាក្រុមរបស់ជនជាតិចិននឹងមិនប៉ះពាល់ដល់ការគ្រប់គ្រងជំងឺកូវីដរបស់ប្រទេសខ្លួននោះទេ។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ធ្លាប់បានបញ្ជាក់ថា លោកបានទទួលព័ត៌មានល្អពីរដ្ឋាភិបាលចិនថា ប្រទេសថៃនឹងក្លាយជាប្រទេសដំបូងគេ ដែលទទួលភ្ញៀវទេសចរចិន ក្នុងដំណាក់កាលសាកល្បងជាក្រុម។
លោក Tanes Petsuwan អភិបាលរងផ្នែកទីផ្សារអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង នៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានអះអាងថា ការរំពឹងទុកការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន ទៅកាន់ប្រទេសថៃនៅឆ្នាំនេះ នឹងមានភាពខុសប្លែកគ្នា ទាំងបរិមាណ និងគុណភាព។
លោកបានបន្ថែមថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ ដែលផ្សារភ្ជាប់នឹងការត្រលប់មកវិញ របស់ភ្ញៀវទេសចរណ៍ចិន ក៏នឹងកើនឡើងខ្ពស់ជាងចំនួន ដែលបានកត់ត្រាក្នុងឆ្នាំ២០១៩ មុនពេលការវាយប្រហារ ដោយជំងឺរាតត្បាតផងដែរ៕