ប្រទេសថៃកំពុងបង្ហាញសុទិដ្ឋិនិយមក្នុងការស្រូបយកភ្ញៀវទេសចរណ៍ចិនត្រលប់មកវិញ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: មតិប្រតិកម្មចម្រុះជាច្រើនកំពុងកើតឡើង ស្របពេលដែលរដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យមានដំណើរទេសចរណ៍ជាក្រុម នៅក្រៅប្រទេស ទៅកាន់ប្រទេសចំនួន២០ឡើងវិញ រួមទាំងប្រទេសថៃផងដែរ។

ខណៈពេលដែលបណ្តាប្រទេសខ្លះស្វាគមន៍ដំណឹងល្អ ដែលភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើង ប៉ុន្តែប្រទេសមួយចំនួនទៀតមានការប្រុងប្រយ័ត្នចំពោះព័ត៌មានអាក្រក់ ដែលថាជំងឺកូវីដអាចនឹងរីករាលដាល។

លោក Anutin Charnvirakul  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃជឿជាក់ថា គោលនយោបាយទេសចរណ៍ថ្មីរបស់ប្រទេសចិននឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសថៃ។

លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យស្តីទីរបស់រដ្ឋាភិបាល បានមានប្រសាសន៍ថា “លោកក៏មានទំនុកចិត្តថា ប្រទេសថៃនឹងអាចទប់ស្កាត់លទ្ធភាពនៃការរីករាលដាលជំងឺកូវីដបាន”។

លោក Anutin បានបន្តថា ដំណើរទេសចរណ៍ជាក្រុមក្រៅប្រទេសមកពីប្រទេសចិននឹងដំណើរការជាជំហានៗក្នុងដំណាក់កាលសាកល្បងដំបូង និងជាមួយនឹងបទប្បញ្ញត្តិដ៏តឹងរឹងដែលដាក់លើទាំងអ្នកធ្វើដំណើរ និងភ្នាក់ងារទេសចរណ៍ចិន។

រដ្ឋាភិបាលថៃជឿជាក់ថា លំហូរចូលនៃដំណើរទេសចរណ៍ជាក្រុមរបស់ជនជាតិចិននឹងមិនប៉ះពាល់ដល់ការគ្រប់គ្រងជំងឺកូវីដរបស់ប្រទេសខ្លួននោះទេ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ធ្លាប់បានបញ្ជាក់ថា លោកបានទទួលព័ត៌មានល្អពីរដ្ឋាភិបាលចិនថា ប្រទេសថៃនឹងក្លាយជាប្រទេសដំបូងគេ ដែលទទួលភ្ញៀវទេសចរចិន ក្នុងដំណាក់កាលសាកល្បងជាក្រុម។

លោក Tanes Petsuwan អភិបាលរងផ្នែកទីផ្សារអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង នៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានអះអាងថា ការរំពឹងទុកការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន ទៅកាន់ប្រទេសថៃនៅឆ្នាំនេះ នឹងមានភាពខុសប្លែកគ្នា ទាំងបរិមាណ  និងគុណភាព។

លោកបានបន្ថែមថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ ដែលផ្សារភ្ជាប់នឹងការត្រលប់មកវិញ របស់ភ្ញៀវទេសចរណ៍ចិន ក៏នឹងកើនឡើងខ្ពស់ជាងចំនួន ដែលបានកត់ត្រាក្នុងឆ្នាំ២០១៩ មុនពេលការវាយប្រហារ ដោយជំងឺរាតត្បាតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here