ដោយ៖ សុផារី
ភ្នំពេញ៖ ប្រទេសកម្ពុជាបន្តធ្វើកំណែទម្រង់ បង្កបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា និងកម្ពុជាកំពុងមានអ្នកមានចំណូលមធ្យមច្រើន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។

នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបជាមួយលោក អូលីវេ្យ បិច រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ។
ប្រតិភូបារាំងសម្រេចធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យ រថភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹកគោកអាកាស សំណង់ ថាមពល និងវិស័យដទៃទៀតនិងសុំស្វែងយល់ ពីសម្ដេចតេជោ អំពីវិស័យវិនិយោគជាអាទិភាព របស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោបានស្វាគមន៍ និងបានជម្រាបជូន ប្រតិភូវិនិយោគបារាំងទាំងមូលថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែក២ខ្សែទៀត ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឲ្យមានការ វិនិយោគពីវិស័យឯករីជនតាមរយៈ មករោង B.O.T។
តំណាងភាគីបារាំងបានលើកឡើងថា លោកមានជំនឿលើការវិនិយោគនៅកម្ពុជា យ៉ាងខ្លាំង ដោយឈរលើមូលហេតុថា កម្ពុជាបានចាប់ផ្ដើមពីចំណុចសូន្យ ហើយបានបំបែកឯកតកម្ម លើការជំរុញកំណើនសេដ្ឋកិច្ច រយៈពេល២០ឆ្នាំ៕







