កម្ពុជាត្រៀមកញ្ចប់ថវិកាជាង២០០លានដុល្លារសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណ២០០លានដុល្លារអាមេរិក។

នេះបើតាមលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងវេទិកាផ្សព្វផ្សាយស្តីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣” នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

លោកបន្តថា តាមពិត ថវិកាសម្រាប់ស៊ីហ្គេមបានចាប់ផ្ដើមចាយ តាំងពីឆ្នាំ២០២២ម្ល៉េះ តាំងពីការរៀបចំនូវទីតាំងប្រកួតកន្លែងស្នាក់នៅរបស់កីឡាជាដើម។ ហើយថវិកានឹងអស់ច្រើន បើសិនជាគ្មានការចូលរួម ដូចជាពហុកីឡដ្ឋានមរតកតេជោ គឺជាជំនួយរបស់ប្រទេសចិន តែយើងក៏បានធ្វើនូវស្តាតតូចៗនៅជុំវិញនោះ ដែលចំណាយថវិកាប្រមាណ៣០ ទៅ៤០លានដុល្លារសហរដ្ឋអាមេរិក។

លោកបន្ថែមថា សម្រាប់កន្លែងស្នាក់នៅរបស់កីឡាករ យើងមិនបានធ្វើដោយខ្លួនឯងទេ គឺយើងសហការជាមួយឯកជន ដោយមិនអស់លុយទេ។ ក្រុមហ៊ុនវើលដ៏ប្រ៊ីដជាអ្នករៀបចំសាងសង់កន្លែងស្នាក់នៅរបស់កីឡាករ សម្រាប់ការប្រកួតនៅពេលខាងមុខ។ ប៉ុន្តែ សម្រាប់ការចំណាយនៃការប្រព្រឹត្តិទៅ នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គ្រោងចំណាយមិនតិចជាង២០០លានដុល្លារអាមេរិកនោះទេ ទាំងការរៀបចំ និងការធ្វើពិធីប្រកួត។

យើងក្រលេកទៅមើលហេដ្ឋារចនាសម្ព័ន្ធនានានៅជុំវិញ ទីតាំងសំខាន់ក្នុងការរៀបចំកន្លែងប្រកួតស៊ីហ្គេម គឺពហុកីឡដ្ឋានជាតិមរតកតេជោ មានការរចនា និងកែលម្អបន្ថែម ដើម្បីឱ្យមានភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងការធ្វើដំណើរទៅទីកន្លែងប្រកួត ដូចជា ផ្លូវជាតិលេខ៦អា បាន និងកំពុងកែលម្អបានស្អាត និងជិតរួចរាល់ ផ្លូវនៅតាមមហាវិថីឈ្នះឈ្នះ ក៏កំពុងរៀបចំកែលម្អបន្ថែម សម្រាប់ការប្រព្រឹត្តិទៅ នៃការប្រកួតស៊ីហ្គេម ជាដើម។

តាមរយៈព្រឹត្តិការណ៍នេះដែរ កម្ពុជារំពឹងថា នឹងនាំភ្ញៀវទេសចរអន្តរជាតិចូលមកម្ពុជាបានច្រើនឡើងវិញ ពោលគឺវិលទៅរកស្ថានភាពមុនកូវីដ១៩ និងអាចនាំអ្នកវិនិយោគបរទេសចូលមកកម្ពុជា និងសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគ នៅក្នុងប្រទេសឡើងវិញផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here