មន្រ្តីជាន់ខ្ពស់សាធារណៈការៈ ក្រុងប៉ោយប៉ែតនឹងមានការអភិវឌ្ឍន៍ខ្លាំងលើមជ្ឈមណ្ឌលស្តុកនិងចែកចាយទំនិញ

0

ដោយៈ គង់ សូរិយា

       បន្ទាយមានជ័យៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានថ្លែងថា បន្ទាប់ពីច្រកព្រំដែនស្ទឹងបត់ ដាក់ឲ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងមានការអភិវឌ្ឍន៍ខ្លាំងជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំ សម្រាប់ទ្រទ្រង់ ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។

លោកបណ្ឌិតយិត ប៊ុណ្ណរដ្ឋលេខាធិការក្រសួងសាធារណៈការ និង​ដឹកជញ្ជូន បានថ្លែងបែបនេះ បន្ទាប់ពីបានពិនិត្យលើបទបង្ហាញ និងវឌ្ឍនភាពការងារនានាទាក់ទងនឹងគម្រោងខាងលើ ធនាគារពិភពលោកបានលើកឡើងពីនីតិវិធី និងការសម្របសម្រួលការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់តាមព្រំដែន តាមរយៈការអនុវត្តអនុស្សរណៈ និងកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូននៅក្នុងប្រទេស និងតំបន់កាលពីថ្ងៃទី២៥ មករាកន្លងមកនេះ។

គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៨០%ហើយ ដែលក្នុងនោះរួមមាន អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋលេខាធិការ បានអនុញ្ញាតិឱ្យតំណាងក្រុមហ៊ុនទីប្រឹក្សាគម្រោង ធ្វើបទបង្ហាញជូនអង្គប្រជុំ ឱ្យបានជ្រាបពីព័ត៌មានសំខាន់ៗ រួមមានដូចជា (១) ប្លង់ទិដ្ឋភាពរួមនៃគម្រោងទាំងមូល (២) វិសាលភាពនៃផ្ទៃដីទីតាំងគម្រោង (៣) ទំហំការងារ (៤) លំហូរនៃការពិនិត្យយានយន្តឆ្លងដែន (៥) បែបបទសម្រាប់យានយន្តចូល និង(៦) បែបបទសម្រាប់យានយន្តចេញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here