មិត្តដែកថែបចិនជាអ្នករួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

0

ដោយៈ សុខុម

ភ្នំពេញ: រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្ស៊ី វិស្សុតបានថ្លែងកាលពីថ្ងៃពុធ ទី២៥ ខែមករា ថា ប្រទេសចិន គឺជាអ្នករួមចំណែកដ៏សំខាន់មួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា។

នៅក្នុងវេទិកាមួយស្តីពី ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត គូសបញ្ជាក់ថា “ប្រទេសចិន គឺជាប្រភពដ៏ធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់កម្ពុជា ដែលមានចំណែកគ្របដណ្ដប់ដល់ទៅ៤២%នៃ FDI សរុបមកកាន់កម្ពុជា”។

លោកបន្ថែមទៀតថា “ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ សំណង់ និងអចលនវត្ថុរបស់កម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន”។

លោកបានមានប្រសាសន៍ថា ប្រទេសចិន ក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា និងជាទីផ្សារសក្តានុពលមួយ សម្រាប់ផលិតផលកម្ពុជាផងដែរ ហើយថាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះក៏ជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដ៏ធំបំផុតដល់កម្ពុជាផងដែរ។

ទន្ទឹមនឹងនេះដែរ លោកវង្ស៊ី វិស្សុតបានលើកឡើងថា ការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ប្រទេសចិន នៅក្នុងការគ្រប់គ្រងវិបត្តិកូវីដ-៩ របស់ខ្លួនកាលពីដើមខែនេះ នឹងជួយជំរុញកំណើនក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅកម្ពុជា និងនៅទូទាំងពិភពលោក។

លោកបានធ្វើការកត់សម្គាល់ថា “ប្រទេសចិន គឺជាប្រភពដ៏សំខាន់នៃភ្ញៀវទេសចរបរទេសមកកាន់កម្ពុជា នៅមុនសម័យកូវីដ-១៩ ប៉ុន្តែអំឡុងវិបត្តិកូវីដ-១៩ ចំនួនភ្ញៀវទេសចរចិន មកកាន់កម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំ។ ដូចនេះការបើកប្រទេសចិន ឡើងវិញនឹងជាឱកាសដ៏ល្អ សម្រាប់យើងទាក់ទាញភ្ញៀវទេសចរចិន មកកាន់កម្ពុជា ជាម្ដងទៀត”។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានមជ្ឈ​មណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបលើកឡើងថា ODA និងការវិនិយោគរបស់ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា ដែលបង្កើតការងាររាប់សែនកន្លែង សម្រាប់ប្រជាជនកម្ពុជា”។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhuaថា គម្រោងធំៗដែលទទួលបានហិរញ្ញប្បទាន ពីប្រទេសចិន ដូចជាផ្លូវថ្នល់ ស្ពាន អាកាសយានដ្ឋាន រោងចក្រវារីអគ្គិសនី តំបន់សេដ្ឋកិច្ច ពហុកីឡដ្ឋានជាតិ និងផ្លូវល្បឿនលឿនជាដើម បានផ្តល់ ហើយនឹងបន្តផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់កម្ពុជា៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here