ដោយ: គង់ លាងហួរ
បាងកក: ក្រុមមន្ត្រីបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ថា ប្រទេសថៃ និងសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមការចរចាឡើងវិញជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីកិច្ចពិភាក្សាត្រូវបានជាប់គាំងដោយរដ្ឋប្រហារយោធានៅក្នុងប្រទេសមួយនេះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បានមានប្រសាសន៍ឱ្យដឹង បន្ទាប់ពីមានកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែលជាមួយស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis ថា ភាគីទាំងពីរមានបំណងចាប់ផ្តើមកិច្ចចរចាឡើងវិញក្នុងត្រីមាសទី១នៃឆ្នាំ២០២៣នេះ។

លោក Valdis Dombrovskis បានសរសេរនៅលើបណ្តាញសង្គម Twitter ថា“ភាគីទាំង២ចង់បានកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងគុណភាពខ្ពស់ ជាមួយនឹងបទប្បញ្ញត្តិនិរន្តរភាពប្រកបដោយមហិច្ឆតា”។
សហភាពអឺរ៉ុបបានផ្អាកការចរចាពាណិជ្ជកម្មជាមួយប្រទេសថៃនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីមានរដ្ឋប្រហារយោធាដឹកនាំដោយលោកឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា ដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិល ដោយប្រកាសថា ខ្លួននឹងរក្សាទំនាក់ទំនងទ្វេរភាគីឱ្យស្ថិតក្រោមការត្រួតពិនិត្យ។
ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះបានរៀបចំការបោះឆ្នោតសកល នៅឆ្នាំ២០១៩ បន្ទាប់ពីនោះមក ប្លុកសហភាពអឺរ៉ុបបានពង្រីកការភ្ជាប់ទំនាក់ទំនងម្តងទៀតជាមួយប្រទេសនេះ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលថៃបានបង្ហាញថា ប្រទេសថៃនាំចេញទំនិញមានតម្លៃ២២,៨ពាន់លានដុល្លារទៅកាន់សហភាពអឺរ៉ុប រួមទាំងគ្រឿងបន្លាស់រថយន្ត ឧបករណ៍អគ្គិសនី និងផលិតផលកសិកម្ម ដែលធ្វើឱ្យប្លុកនេះក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី៤របស់ប្រទេសថៃ៕







