ដោយ៖ សុផារី
បាត់ដំបង៖ គម្រោងសាងសង់ប្រព័ន្ធទឹកស្អាតថ្មីមួយនៅខេត្តបាត់ដំបង ក្រោមទុនវិនិយោគជិត៣០លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។
ពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពលោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
គម្រោងនេះស្ថិតនៅក្នុងក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ( Provincial water supply and Sanitation project ) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានដោយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគម្រោងនេះស្ថិតក្នុងភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្លែងក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី នេះថា បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះសាងសង់រួច សេវាផ្គត់ផ្គង់ទឹកស្អាត កាន់តែត្រូវ បានពង្រីកវិសាលភាព បណ្តាញចែកចាយកាន់តែទូលំទូលាយបានមួយកម្រិតធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ៥០០០០ម៉ែត្រត្រីគុណ ក្នុង១ថ្ងៃ ហើយនៅទីប្រជុំជន ក្រុងបាត់ដំបងនឹងទទួលបានទឹកស្អាតប្រើប្រាស់១០០% ក្នុងឆ្នាំ២០២៥។
គម្រោងនេះចាប់ផ្តើមសាងសង់ដោយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC) របស់ប្រទេសចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។
លោកបន្តថា បច្ចុប្បន្នអង្គភាពរដ្ឋាករទឹកបាត់ដំបងមានសមត្ថភាពផលិតទឹកស្អាតបានជាង៣ម៉ឺនម៉ែត្រត្រីគុណ ក្នុង១ថ្ងៃ ដែលមានប្រជាជនសរុបក្នុងតំបន់សេវាកម្មជាង២៥ម៉ឺននាក់ ហើយការផ្គត់ផ្គង់ទឹកស្អាតបានត្រឹមតែ៦៨,៧៥% ប៉ុណ្ណោះ៕