គម្រោងប្រព័ន្ធទឹកស្អាតក្រោមទុនជិត៣០លានដុល្លារត្រូវបានបើកការដ្ឋានសាងសង់នៅខេត្តបាត់ដំបង

0

ដោយ៖ សុផារី

បាត់ដំបង៖ គម្រោងសាងសង់ប្រព័ន្ធទឹកស្អាតថ្មីមួយនៅខេត្តបាត់ដំបង ក្រោមទុនវិនិយោគជិត៣០លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។

ពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពលោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

គម្រោងនេះស្ថិតនៅក្នុងក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ( Provincial water supply and Sanitation project ) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានដោយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគម្រោងនេះស្ថិតក្នុងភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្លែង​ក្នុង​ពិធី​ក្រុង​ពាលី​បញ្ចុះបឋមសិលា​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ថ្មី នេះ​ថា បន្ទាប់ពី​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​នេះ​សាងសង់​រួច សេវា​ផ្គត់ផ្គង់​ទឹកស្អាត កាន់តែ​ត្រូវ បាន​ពង្រីក​វិសាលភាព បណ្តាញ​ចែកចាយ​កាន់តែ​ទូលំទូលាយ​បាន​មួយកម្រិតធំ ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ប្រមាណ៥០០០០​ម៉ែត្រត្រីគុណ​ ក្នុង​១ថ្ងៃ ហើយ​នៅ​ទីប្រជុំជន ក្រុង​បាត់ដំបង​នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់១០០% ក្នុង​ឆ្នាំ​២០២៥​។​

គម្រោងនេះចាប់ផ្តើមសាងសង់ដោយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC) របស់ប្រទេសចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

លោក​បន្តថា បច្ចុប្បន្ន​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ជាង​៣ម៉ឺន​ម៉ែត្រត្រីគុណ ​ក្នុង១ថ្ងៃ ដែលមាន​ប្រជាជន​សរុប​ក្នុង​តំបន់​សេវាកម្ម​ជាង​២៥​ម៉ឺន​នាក់ ហើយ​ការផ្គត់ផ្គង់​ទឹកស្អាត​បានត្រឹមតែ​៦៨,៧៥% ប៉ុណ្ណោះ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here