សេដ្ឋវិទូUN: ប្រទេសចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣

0

ដោយៈ សុខុម

ប៉េកាំង: អ្នកជំនាញសេដ្ឋកិច្ចឈានមុខគេមួយរូប នៅអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា ប្រទេសចិនអាចនឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុកំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០២៣នេះ។

យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុំផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែមករា ឱ្យដឹងថា លោកHamid Rashid ប្រធានសាខាឃ្លាំមើលសេដ្ឋកិច្ចពិភពលោក (Global Economic Monitoring Branch) នៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គម (Department of Economic and Social Affairs) របស់អង្គការសហប្រជាជាតិ។

លោក Hamid Rashid បានផ្ដល់បទសម្ភាសន៍ពិសេស ដល់ទីភ្នាក់ងារព័ត៌មាន Xinhua ភ្លាមៗបន្ទាប់ពីរបាយការណ៍ស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យ របស់អង្គការសហប្រជាជាតិឆ្នាំ២០២៣ (UN World Economic Situation and Prospects 2023 Report) ត្រូវបានចេញផ្សាយ។

យោងតាមរបាយការណ៍ខាងលើនេះបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេ​សចិនត្រូវបានព្យាករថា នឹងសម្រេចបានកំណើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៣នេះ។

លោក Hamid Rashid លើកឡើងថា “ខ្ញុំយល់ថាសេដ្ឋកិច្ចចិន កំពុងតែស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ ដែលស្របទៅនឹងគោលនយោបាយ ដ៏ត្រឹមត្រូវ ដែលនេះមានន័យថា គោលនយោបាយចិន កំពុងស្ថិតនៅក្នុងការតម្រង់ទិសដ៏ត្រឹមត្រូវ ហើយគោលនយោបាយរូបិយវត្ថុ ក៏ស្ថិតនៅក្នុងការតម្រង់ទិសដ៏ត្រឹមត្រូវ”។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្ថែមទៀតថា តម្រូវការក្នុងស្រុកជាទូទៅនៅប្រទេសចិននឹងកើនឡើង។ តម្រូវការទំនិញប្រើប្រាស់ក្នុងគ្រួសារ នឹងកើនឡើង ហើយនោះនឹងធ្វើឱ្យសេដ្ឋកិច្ចសម្រេចបានបន្ថែមទៀត នូវកំនើនផ្អែកលើតម្រូវការក្នុងស្រុក ដែលផ្ទុយពីកំណើនសេដ្ឋកិច្ច ដែលជំរុញដោយការនាំចេញ។

លោកបន្តថា កំលាំងចលករទី២ ដែលជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសចិន នឹងចេញពីការវិនិយោគសាធារណៈ ដែលខុសពីបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ព្រោះប្រទេសចិន មិនកំពុងកាត់បន្ថយការចំណា​យនោះឡើយ។

លោកគូសបញ្ជាក់ថា “យើងមានការប្រយ័ត្នប្រយែងណាស់ ចំពោះការព្យាកររបស់យើងដែលថា សេដ្ឋកិច្ចចិន នឹងសម្រេចបានកំណើន៤,៨%ក្នុងឆ្នាំ២០២៣”។ លោកបន្តថា “ប្រសិនបើសន្ទុះនេះនៅតែបន្ត កំណើនសេដ្ឋកិច្ចចិន អាចនឹងខ្ពស់ជាងនេះទៀត”។

ប៉ុន្តែកំណើន៤,៨%នេះ គឺជាការព្យាករដោយទំនុកចិត្តខ្ពស់របស់យើងដែលថាប្រទេសចិន នឹងសម្រេចបានក្នុងឆ្នាំនេះ ដោយសារតែយើងពិនិត្យមើលទៅលើចំណុចវិជ្ជមាននានា ជាពិសេសអតិផរណាទាប ការចំណា​យក្នុងគ្រួសារកើនឡើង ការចំណាយរបស់អាជីវកម្មកើនឡើង ហើយការចំណាយក្នុងវិស័យសាធារណៈក៏កើនឡើង។

លោកបន្ថែមទៀតថា “កត្តាដែលកាន់តែសំខាន់ជាងនេះទៅទៀតនៅក្នុងការវិនិយោគប្រភេទនេះ គឺថាប្រទេសចិន កសាងសមត្ថភាពផលិតភាពរយៈពេលវែង”។

ជាឧទាហរណ៍ ប្រទេសចិន អាចកាត់បន្ថយអតិផរណាបាន ក្នុងរយៈពេលវែង។ ទេសចរណ៍ចេញក្រៅរបស់ប្រទេសចិន គឺពិតជាធំខ្លាំងណាស់ ហើយកត្តានោះជួយជំរុញវិស័យទេសចរណ៍ ក្នុងប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ជាដើម។ ហើយនោះគឺជាប្រភពប្រាក់ចំណូលដ៏ធំមួយសម្រាប់សេដ្ឋកិច្ចទាំងអស់នោះ។

លោកបានសង្កត់ធ្ងន់ថា “សូម្បីអឺរ៉ុបពេលនេះ ក៏ពឹងផ្អែកលើវិស័យទេសចរណ៍ចិនដែរ។ ប្រទេសចិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យទេសចរណ៍ទូទាំងពិភពលោក ហើយតម្រូវការទេសចរណ៍ ប្រសិនបើកើនឡើង ជាពិសេសពីប្រទេសចិន នោះគឺជាដំណឹងដ៏ល្អសម្រាប់ប្រទេសជាច្រើនដែលពឹងផ្អែកលើវិស័យទេសចរណ៍”។

លោកបានបន្តថា យើងក៏ត្រូវតែយល់ដែរថា ប្រទេសចិនមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងរឹងមាំ ជាមួយបណ្ដាសេដ្ឋកិច្ច ដែលជាអ្នកផលិតផ្សេងៗទៀតនៅក្នុងតំបន់ ជាពិសេសប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ ដូចនេះ នៅពេលប្រទេសចិនរើបឡើង វាជាដំណឹងដ៏ល្អសម្រាប់ប្រទេសកូរ៉េខាងត្បូង ព្រមទាំងជប៉ុនផងដែរ”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here