ដោយៈ សុខុម
បាងកក: រដ្ឋាភិបាលភាគីថៃ និងឡាវ កំពុងចរចាគ្នាជុំវិញគម្រោងតភ្ជាប់បណ្ដាញផ្លូវដែក ល្បឿនលឿនចិន-ឡាវ-ថៃ ដែលអាចកាត់បន្ថយថ្លៃចំណាយដឹកជញ្ជូនពី៣០% ទៅ៥០%ក្នុងរយៈពេល៣ ទៅ៥ឆ្នាំខាងមុខ។ នេះបើយោងតាមនាយកដ្ឋានដឹកជញ្ជូនផ្លូវដែក (DRT) ថៃ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។
លោក Athipu Chitranukroh អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវដែក និងលោក Kitjaluck Srinuchsart អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសឡាវ កាលពីពេលថ្មីៗនេះដើម្បីពិភាក្សាអំពីបញ្ហានេះ។
ក្រុមអ្នកសង្កេតការណ៍និយាយថា បណ្ដាញផ្លូវដែកល្បឿនលឿននេះនឹងសាងសង់ឡើង តាមបណ្ដោយហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន ហើយគម្រោងនេះ ផ្ដល់ផលប្រយោជន៍ដល់ទាំងប្រទេសថៃ និងបណ្ដាប្រទេសជិតខាង។
រដ្ឋាភិបាលថៃបាននិយាយថា ទំហំពាណិជ្ជកម្មនាំចេញ និងនាំចូលនៅច្រកព្រំដែនថៃ-ឡាវ ក្នុងខេត្តណងខៃ (Nong Khai) ក្នុងឆ្នាំ២០២២ មានទំហំ៣,០៣ពាន់លានដុល្លារអាមេរិក។
ទោះបីជាមានវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី ក៏ពាណិជ្ជកម្មតាមព្រំដែននៅតែកើនឡើងក្នុងឆ្នាំ២០២២ ជាមួយនឹងកំណើនប្រាក់ចំណូល៣៩,៩% ឬស្មើនឹងប្រមាណ៨៦០លានដុល្លារអាមេរិ បើធៀបនឹងឆ្នាំ២០២១។

ក្រៅពីបណ្ដាញផ្លូវដែកល្បឿនលឿននេះ មន្ត្រីមកពីនាយកដ្ឋានទាំងពីរក៏បានធ្វើទស្សនកិច្ច នៅទីតាំងស្ថានីយផ្លូវដែកថ្មី Khamsavath ក្នុងទីក្រុងវៀងចន្ទន៍ផងដែរ។ ស្ថានីយនេះ ស្ថិតនៅចម្ងាយប្រមាណ៧,៥គីឡូម៉ែត្រពីស្ថានីយផ្លូវដែក Thanaleng ដែលតភ្ជាប់ជាមួយខេត្តណងខៃរបស់ប្រទេសថៃ។
បច្ចុប្បន្ន រដ្ឋាភិបាលកំពុងសាងសង់ស្ថានីយផ្លូវដែក ណងខៃ ដើម្បីក្លាយជាមជ្ឈមណ្ឌលត្រួតពិនិត្យទំនិញឆ្លងដែន និងជាចំណុចតភ្ជាប់ពីរថភ្លើងទៅកាន់ការដឹកជញ្ជូនតាមផ្លូវគោក។
បណ្ដាញផ្លូវដែកថៃ-ឡាវ នឹងដំណើរការរថភ្លើងចំនួន១៤ខ្សែប្រចាំថ្ងៃ ហើយសង្ឃឹមថា វានឹងទាក់ទាញការវិនិយោគបន្ថែមទៀត ពីប្រទេសឡាវ ហើយនឹងអាចរកលុយបាន ពីតំបន់ពាណិជ្ជកម្មក្បែរគ្នាក្នុងក្រុងវៀងចន្ទន៍។ បណ្ដាញផ្លូវដែក ដែលនឹងដំណើរការរថភ្លើងចំនួន១៤ខ្សែ ប្រចាំថ្ងៃនេះទំនងជាជំរុញឱ្យមាន ការបោះទុនវិនិយោគបន្ថែមទៀត៕ Bangkok Post៕







