ដោយ: គង់ លាងហួរ
ប៉េកាំង: បណ្តាក្រុមហ៊ុនផលិតប្រេង ប្រហែលជាត្រូវពិចារណាឡើងវិញ នូវគោលនយោបាយទិន្នផលរបស់ពួកគេ បន្ទាប់ពីការងើបឡើងវិញនៃតម្រូវការនៅក្នុងប្រទេសចិន ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេទី២លើពិភពលោក។
ប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅ ដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកទិញឧស្ម័នធម្មជាតិរាវលេខ២ បានក្លាយជាកត្តាមិនប្រាក ដប្រជាដ៏ធំបំផុតនៅក្នុងទីផ្សារប្រេង និងឧស្ម័នពិភពលោកក្នុងឆ្នាំ២០២៣ បន្ទាប់ពីទីក្រុងប៉េកាំង បានលុបចោលនយោបាយសូន្យកូវីដ នៅក្នុងខែធ្នូ ឆ្នាំ២០២២។

នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol បានមានប្រសាសន៍ថា “យើងរំពឹងថា ប្រទេសចិននឹងគ្របដណ្តប់ប្រហែលពាក់កណ្តាល នៃកំណើនតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះ”។លោកបានបន្ថែមថា “តម្រូវការប្រេងចាក់យន្តហោះរបស់ប្រទេសចិន កំពុងកើនឡើងដោយដាក់សម្ពាធលើតម្រូវការ”។
លោកបានបញ្ជាក់ថា “ប្រសិនបើតម្រូវការកើនឡើងខ្លាំង ហើយបើសេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញ នោះតាមទស្សនៈរបស់ខ្ញុំ បណ្តាប្រទេសអង្គការ OPEC+ នឹងត្រូវពិនិត្យមើលគោលនយោបាយទិន្នផល របស់ពួកគេឡើងវិញ”។
អង្គការផលិតប្រេង OPEC + បានខឹងសម្បារនឹងសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត នៅក្នុងខែតុលា នៅពេលដែលអង្គការនេះ សម្រេចចិត្តកាត់បន្ថយទិន្នផលប្រេង២លានបារ៉ែល ក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកា ដល់ឆ្នាំ២០២៣ ជំនួសឱ្យការបូមប្រេងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងជួយដល់សេដ្ឋកិច្ចពិភពលោក ដូចដែលសហរដ្ឋអាមេរិកបានណែនាំ។
លោក Birol បញ្ជាក់ក្តីសង្ឃឹមថា “ស្ថានភាពបែបនេះ នឹងមិនកើតឡើងម្តងទៀតទេ ហើយអង្គការ OPEC + ដែលរួមមានសមាជិកនៃអង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដូចជារុស្ស៊ី នឹងត្រលប់ទៅដើរតួនាទីស្ថាបនានៅក្នុងទីផ្សារ ខណៈតម្រូវការមានភាពប្រសើរឡើងវិញ”៕







