បណ្តាក្រុមហ៊ុនផលិតប្រេងអាចពិចារណាលើការបង្កើនផលិតកម្មឡើងវិញ ខណៈតម្រូវការប្រេងក្នុងប្រទេសចិនកំពុងហក់ឡើង

0

ដោយ: គង់ លាងហួរ

ប៉េកាំង: បណ្តាក្រុមហ៊ុនផលិតប្រេង ប្រហែលជាត្រូវពិចារណាឡើងវិញ នូវគោលនយោបាយទិន្នផលរបស់ពួកគេ បន្ទាប់ពីការងើបឡើងវិញនៃតម្រូវការនៅក្នុងប្រទេសចិន ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេទី២លើពិភពលោក។

ប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅ ដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកទិញឧស្ម័នធម្មជាតិរាវលេខ២ បានក្លាយជាកត្តាមិនប្រាក ដប្រជាដ៏ធំបំផុតនៅក្នុងទីផ្សារប្រេង និងឧស្ម័នពិភពលោកក្នុងឆ្នាំ២០២៣ បន្ទាប់ពីទីក្រុងប៉េកាំង បានលុបចោលនយោបាយសូន្យកូវីដ នៅក្នុងខែធ្នូ ឆ្នាំ២០២២។

នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol បានមានប្រសាសន៍ថា “យើងរំពឹងថា ប្រទេសចិននឹងគ្របដណ្តប់ប្រហែលពាក់កណ្តាល នៃកំណើនតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះ”។លោក​បាន​បន្ថែម​ថា “តម្រូវ​ការ​ប្រេង​ចាក់យន្ត​ហោះ​របស់​ប្រទេស​ចិន ​កំពុង​កើន​ឡើង​ដោយ​ដាក់​សម្ពាធ​លើ​តម្រូវ​ការ”។

លោកបានបញ្ជាក់ថា “ប្រសិនបើតម្រូវការកើនឡើងខ្លាំង ហើយបើសេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញ នោះតាមទស្សនៈរបស់ខ្ញុំ បណ្តាប្រទេសអង្គការ OPEC+ នឹងត្រូវពិនិត្យមើលគោលនយោបាយទិន្នផល របស់ពួកគេឡើងវិញ”។

អង្គការផលិតប្រេង OPEC + បានខឹងសម្បារនឹងសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត នៅក្នុងខែតុលា នៅពេលដែលអង្គការនេះ សម្រេចចិត្តកាត់បន្ថយទិន្នផលប្រេង២លានបារ៉ែល ក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកា ដល់ឆ្នាំ២០២៣ ជំនួសឱ្យការបូមប្រេងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងជួយដល់សេដ្ឋកិច្ចពិភពលោក ដូចដែលសហរដ្ឋអាមេរិកបានណែនាំ។

លោក Birol បញ្ជាក់ក្តីសង្ឃឹមថា “ស្ថានភាពបែបនេះ នឹងមិនកើតឡើងម្តងទៀតទេ ហើយអង្គការ OPEC + ដែលរួមមានសមាជិកនៃអង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដូចជារុស្ស៊ី នឹងត្រលប់ទៅដើរតួនាទីស្ថាបនានៅក្នុងទីផ្សារ ខណៈតម្រូវការមានភាពប្រសើរឡើងវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here