ដោយៈ គង់ សូរិយា
ភ្នំពេញៈ ដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងមេដឹកនាំទាំងពីរ បាននិងកំពុងធ្វើឲ្យឡាវ និងកម្ពុជា ខិតទៅកាន់តែកៀកគ្នា ក្នុងការសម្រេចវិបុលភាពរួមសម្រាប់ប្រទេសជិតខាងទាំងពីរ។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក សុខ ចិន្តាសោភាបានថ្លែងកាលពីម្សិលម៉ិញ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសឡាវកាលពីថ្ងៃទី១៣ និង១៤កុម្ភៈថា ប្រមុខដឹកនាំកម្ពុជា និងឡាវ បានឯកភាពគ្នានឹងចាប់យកឱកាស ពីការបើកឡើងវិញនៃប្រទេសចិន ក្នុងការទាក់ទាញភ្ញៀវទេសចរចិន មកកម្សាន្តនៅប្រទេសទាំងពីរ តាមរយៈកិច្ចសប្រតិបត្តិការតភ្ជាប់រវាងផ្លូវគោក និងអាកាស។

លោកបានមានប្រសាសន៍បន្តថា កម្ពុជា និងឡាវរំពឹងថានឹងអាចទាកទាញភ្ញៀវទេសចរចិន បន្ទាប់ពីប្រទេសចិន បានប្រកាសបន្ធូរបន្ថយវិធានការចេញចូលប្រទេសរបស់ខ្លួន ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ដោយសារឡាវ មានរថភ្លើងល្បឿនលឿនពីប្រទេសចិន មកដល់ទីក្រុងវៀងច័ន្ទន៍។

លោកសុខ ចិន្តាសោភាបានបញ្ជាក់ថា “ការដែលសម្តេចស្នើឱ្យមានការបើកជើងហោះហើរឡើងវិញ រវាងវៀងច័ន្ទ-ភ្នំពេញដោយសារសព្វថ្ងៃនេះ ប្រទេសឡាវ មានខ្សែរថភ្លើងល្បឿនលឿនពីប្រទេសចិន ឆ្លងកាត់ហ្លួងប្រាបាង មកដល់វៀងច័ន្ទន៍”។លោកបន្តថា “ខ្ញុំបានជិះរួចហើយកាលពីខែវិច្ឆិកា។ ដូច្នេះទេសចរចិនអាចធ្វើដំណើរពីប្រទេសចិន តាមរយៈរថភ្លើងល្បឿនលឿន មកដល់វៀងច័ន្ទន៍ បន្តឡើងយន្តហោះមកដល់កម្ពុជា។ នេះហើយជាគំនិតរបស់សម្តេចតេជោ ដូច្នេះការពិភាក្សាទៅលើរឿងជាក់ស្តែងតែម្តង”។
កម្ពុជាសង្ឃឹមថា ប្រទេសទាំងពីរអាចទាក់ទាញ ភ្ញៀវទេសចរចិនបានច្រើន ខណៈដែលកន្លងមកវិស័យទេសចរណ៍កម្ពុជា បានពឹងអាស្រ័យខ្លាំងលើភ្ញៀវទេសចរចិន៕







