ដោយៈ សុខុម
វៀងចន្ទន៍: នៅឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlines) នឹងដំណើរការផ្លូវហោះហើរថ្មីៗ ពីក្រុងប៉ាកសេ (Pakse) នៃខេត្តចម្ប៉ាសាក់ របស់ឡាវ ឆ្ពោះទៅកាន់ទីក្រុងធំៗនៃប្រទេសចិន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនពីប្រទេសនេះ។
យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឱ្យដឹងថា ផ្លូវហោះហើរថ្មីៗទាំងនេះ នឹងចេញពីក្រុងប៉ាកសេ ឆ្ពោះទៅកាន់ហុងកុង ក្រុងហៃខូវ (Haikou) ក្រុងសានយ៉ា (Sanya) ក្រុងឈឹងទូ (Chengdu) និងទីក្រុងល្បីៗផ្សេងទៀតរបស់ប្រទេសចិន នៅពាក់កណ្តាលឆ្នាំ២០២៣។
-->
ក្រុមហ៊ុន Lao Airlines ក៏នឹងធ្វើការសិក្សាសមិទ្ធលទ្ធភាព អំពីជើងហោះហើរត្រង់ប៉ាកសេ-សិង្ហបុរី ប៉ាកសេ-សេអ៊ូល និងប៉ាកសេ-Fukuoka ក្នុងប្រទេសជប៉ុន ផងដែរ។

ដោយមើលឃើញពីសក្ដានុពលនៃទីក្រុងប៉ាកសេ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ និងដោយគិតថា អាកាសយានដ្ឋានអន្តរជាតិក្រុងប៉ាកសេ អនុញ្ញាតការផ្ដល់ទិដ្ឋាការ នៅនឹងកន្លែងពេលមកដល់រយៈពេល៣០ថ្ងៃសម្រាប់ប្រទេសមួយចំនួន ក្រុមហ៊ុនទេសចរណ៍ Siphandone ក្នុងតំបន់សេដ្ឋកិច្ចពិសេសSiphandone បានចុះកិច្ចព្រមព្រៀងជួលយន្តហោះជាផ្លូវការជាមួយក្រុមហ៊ុន Lao Airlines នៅទីក្រុងវៀងចន្ទន៍ កាលពីដើមខែនេះ ដើម្បីជួយពង្រីកសេវាកម្មរបស់ខ្លួន។
ក្រុមហ៊ុន Lao Airlines មានផែនការចាប់ផ្ដើមជើងហោះហើរបន្ថែមទៀតពីប៉ាកសេ ឆ្ពោះទៅកាន់ទីក្រុងធំៗកាន់តែច្រើន នៅក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងគោលដៅនានាក្នុងប្រទេសចិន ដូចជាកោះហៃណាន គ័ងចូវ ឬ ក្វាងចូវ ហុងកុង គុនមីង និងឆាងសា (Changsha) ដែលប្រើពេលហោះហើរ២ម៉ោងកន្លះជាដើម។
ក្រុមហ៊ុន Lao Airlines នៅមុននេះបានប្រកាសថា ខ្លួនមានផែនការចាប់ផ្តើមជើងហោះហើរពីក្រុងវៀងចន្ទន៍ ទៅកាន់ទីក្រុងជាច្រើនទៀតក្នុងប្រទេសចិន ដើម្បីជួយជំរុញទេសចរណ៍ និងការធ្វើដំណើររវាងប្រទេសទាំងពីរ។
កាលពីថ្មីៗនេះ ក្រសួងវប្បធម៌ និងទេសចរណ៍ចិន ក៏បានអនុញ្ញាតឡើងវិញ នូវការធ្វើដំណើរទេសចរណ៍ ជាក្រុមចេញក្រៅមកកាន់២០ប្រទេសរួមទាំងប្រទេសឡាវផងដែរ៕ Laotian Times៕
