ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងដំណើរការផ្លូវហោះហើរថ្មីៗពីប៉ាក់សេ ឆ្ពោះទៅប្រទេសចិន

0

ដោយៈ សុខុម

វៀងចន្ទន៍: នៅឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlines) នឹងដំណើរការផ្លូវហោះហើរថ្មីៗ ពីក្រុងប៉ាកសេ (Pakse) នៃខេត្តចម្ប៉ាសាក់ របស់ឡាវ ឆ្ពោះទៅកាន់ទីក្រុងធំៗនៃប្រទេសចិន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនពីប្រទេសនេះ។

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឱ្យដឹងថា ផ្លូវហោះហើរថ្មីៗទាំងនេះ នឹងចេញពីក្រុងប៉ាកសេ ឆ្ពោះទៅកាន់ហុងកុង ក្រុងហៃខូវ (Haikou) ក្រុងសានយ៉ា (Sanya) ក្រុងឈឹងទូ (Chengdu) និងទីក្រុងល្បីៗផ្សេងទៀតរបស់ប្រទេសចិន នៅពាក់កណ្តាលឆ្នាំ២០២៣។

ក្រុមហ៊ុន Lao Airlines ក៏នឹងធ្វើការសិក្សាសមិទ្ធលទ្ធភាព អំពីជើងហោះហើរត្រង់ប៉ាកសេ-សិង្ហបុរី ប៉ាកសេ-សេអ៊ូល និងប៉ាកសេ-Fukuoka ក្នុងប្រទេសជប៉ុន ផងដែរ។

ដោយមើលឃើញពីសក្ដានុពលនៃទីក្រុងប៉ាកសេ ជាគោលដៅទេស​ចរណ៍ដ៏លេចធ្លោមួយ និងដោយគិតថា អាកាសយានដ្ឋានអន្តរជាតិក្រុងប៉ាកសេ អនុញ្ញាតការផ្ដល់ទិដ្ឋាការ នៅនឹងកន្លែងពេលមកដល់រយៈពេល៣០ថ្ងៃសម្រាប់ប្រទេសមួយចំនួន ក្រុមហ៊ុនទេសចរណ៍ Siphandone ក្នុងតំបន់សេដ្ឋកិច្ចពិសេសSiphandone បានចុះកិច្ចព្រមព្រៀងជួលយន្តហោះជាផ្លូវការជាមួយក្រុមហ៊ុន Lao Airlines នៅទីក្រុងវៀងចន្ទន៍ កាលពីដើមខែនេះ ដើម្បីជួយពង្រីកសេវាកម្មរបស់ខ្លួន។

ក្រុមហ៊ុន Lao Airlines មានផែនការចាប់ផ្ដើមជើងហោះហើរបន្ថែមទៀតពីប៉ាកសេ ឆ្ពោះទៅកាន់ទីក្រុងធំៗកាន់តែច្រើន នៅក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងគោលដៅនានាក្នុងប្រទេសចិន ដូចជាកោះហៃណាន គ័ងចូវ ឬ ក្វាងចូវ ហុងកុង គុនមីង និងឆាងសា (Changsha) ដែលប្រើពេលហោះហើរ២ម៉ោងកន្លះជាដើម។

ក្រុមហ៊ុន Lao Airlines នៅមុននេះបានប្រកាសថា ខ្លួនមានផែនការចាប់ផ្តើមជើងហោះហើរពីក្រុងវៀងចន្ទន៍ ទៅកាន់ទីក្រុងជាច្រើនទៀតក្នុងប្រទេសចិន ដើម្បីជួយជំរុញទេសចរណ៍ និងការធ្វើដំណើររវាងប្រទេសទាំងពីរ។

កាលពីថ្មីៗនេះ ក្រសួងវប្បធម៌ និងទេសចរណ៍ចិន ក៏បានអនុញ្ញាតឡើងវិញ នូវការធ្វើដំណើរទេសចរណ៍ ជាក្រុមចេញក្រៅមកកាន់២០ប្រទេ​សរួមទាំងប្រទេសឡាវផងដែរ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here