ភ្នំពេញ៖ រាជរដ្ឋាភិបាលកំណត់ការអនុគ្រោះលើកលែងពន្ធ លើប្រាក់ចំណូលចំពោះវិស័យ SME ចំនួន ៣ឆ្នាំទៅ ៥ឆ្នាំ ចំពោះសហគ្រាសប្រើវត្ថុធាតុដើមក្នុងស្រុក ចាប់ពី ៦០%ឡើង និងការបង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច ២០% ឬមានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី “ការលើកទឹកចិត្តផ្នែកពន្ធដារសម្រា ប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព” នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងសំខាន់ គឺការផ្សព្វផ្សាយឱ្យសាធារណៈជន ជាពិសេសម្ចាស់សហគ្រាសធុនតូច និងមធ្យមបានជ្រាបជាព័ត៌មាន និងអាចចាប់យកនូវអត្ថប្រយោជន៍ពីការលើកទឹកចិត្តផ្នែកពន្ធដារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាចលករមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច បង្កើតការងារបន្ថែមនិងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក។
ឯកឧត្តមបន្តថា វិស័យអាទិភាពសម្រាប់ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ រួមមាន ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម ផលិត និងកែច្នៃម្ហូបអាហារ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ ផ្នែកកម្មន្តសាលដែលផលិតនូវផលិតផលសម្រេចឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍ និងសហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំ និងជាសហគ្រាសដែលអភិវឌ្ឍតំបន់នោះ។








