ដោយដែន ចែងចាំង
ភ្នំពេញ៖ នៅទីបំផុតសេវាកម្មរថយន្តសាធារណៈរបស់ក្រុងចាប់ផ្តើមទទួលបានការគាំទ្រ និងលើកសើរពីប្រជាពលរដ្ឋនៅក្រុងភ្នំពេញជាបណ្តើរៗហើយ។
លោកសែន ពិសិដ្ឋប្រជាពលរដ្ឋដែលប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋជាប្រចាំនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១១ មករានេះថា ពីមុនសេវាកម្មរបស់រថយន្តក្រុង ហាក់មានសភាពយឺតបន្តិច ដែលធ្វើឱ្យពួកគាត់ទៅធ្វើការងារមិនទាន់ពេលវេលា ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ពួកគាត់សប្បាយចិត្ត ព្រោះសេវារថយន្តក្រុងតាមបណ្តោយផ្លូវនេះ រហ័សជាងមុន មិនពិបាករង់ចាំ ហើយពួកគាត់ទៅធ្វើការងារទាន់ពេលវេលា និង ចំណេញថវិការទៀតផង។
សាលារាជធានីភ្នំពេញបាននិងកំពុងបន្ថែម រថយន្តជាច្រើនគ្រឿង និងផ្លូវបន្ថែមទៀត ទើបធ្វើឱ្យការផ្តល់សេវានេះបានឆាប់រហ័ស និងចំណេញពេល។
សេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ឬរថយន្តក្រុង នៅរាជធានីភ្នំពេញ ការផ្តល់សេវាកម្ម ចាប់ដំណើរការពី ម៉ោង៥ និង៣០នាទីព្រឹក រហូតដល់ម៉ោង៨ និង៣០នាទីយប់។ ឯតម្លៃសំបុត្រ ១ពាន់៥រយរៀលក្នុងម្នាក់ តែក៏ត្រូវបាន លើកលែងមិនយកថវិកា ចំពោះព្រះសង្ឃ ចាស់ជរា ជនពិកា កម្មករ កម្មការិនី សិស្ស និស្សិត និងកុមារកម្ពស់ក្រោម មួយម៉ែត្រផងដែរ។
សេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋនេះ មាន៨ខ្សែ ដែលខ្សែទី១ (ពណ៌បៃតង) ចេញពីគីឡូម៉ែត្រលេខ៩ ដល់ចំណតបឹងឈូក ប្រវែង២០គីឡូម៉ែត្រ។ ខ្សែទី២ (ពណ៌ក្រហម) ចេញពីផ្សារអេអន២ ដល់រង្វង់មូលក្រុងតាខ្មៅ ប្រវែង១៩.៥គីឡូម៉ែត្រ។ ខ្សែទី៣ (ពណ៌ខៀវ) ចេញពីទីលានប្រជាធិបតេយ្យថ្មី ដល់បុរីសន្តិភាព២ ប្រវែង ២១.៥គីឡូម៉ែត្រ។ ខ្សែទី៤ (ពណ៌ផ្កាឈូក) ចេញពីទីលានប្រជាធិបតេយ្យថ្មីដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រវែង ២៨.៥ គីឡូម៉ែត្រ។ ខ្សែទី៥ (ពណ៌ទឹកសមុទ្រ) ចេញពីផ្សារអេអន២ ដល់ផ្សារអេអន១ ប្រវែង១១.៦ គីឡូម៉ែត្រ។ ខ្សែទី៦ (ពណ៌លឿង) ចេញពីបុរីរុងរឿង ដល់ផ្សារស៊ីនជូរីផ្លាហ្សា ប្រវែង១៦គីឡូម៉ែត្រ។ ខ្សែទី៧ (ពណ៌ទឹកក្រូច) ចេញពីគីឡូម៉ែត្រលេខ៩ ដល់ផ្សារអេអន១ ប្រវែង២៤.៥គីឡូវម៉ែត្រ និងខ្សែទី៨ (ពណ៌ខ្មៅ) ចេញពីបុរីរុងរឿង ដល់ គីឡូម៉ែត្រលេខ៩ ប្រវែង១៨.៥គីឡូម៉ែត្រ។
សេវាកម្មរថយន្តក្រុងបានដំណើរការជាលើកដំបូង នៅដើមទសវត្សរ៍ឆ្នាំ២០០០ ដែលពេលនោះមានលោក ជាសុផារ៉ាជាអភិបាលក្រុងភ្នំពេញ។ សេវាកម្មពេលនោះមាន ការឧបត្ថម្ភពីទីភ្នាក់ងារសហប្រតបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)៕