ក្រុមហ៊ុន Knight Frank បង្ហាញការវាយតម្លៃលើទស្សនវិស័យរបស់ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: វិស័យសំណង់ និងអចលនទ្រព្យនៅទីក្រុងភ្នំពេញបានរីកដុះដាលយ៉ាងឆាប់រហ័ស មុនពេលផ្ទុះជំងឺកូវីដ-១៩។ វិបត្តិនេះបានជំរុញឱ្យការសាងសង់អចលនទ្រព្យបន្តធ្លាក់ចុះរហូតមកដល់ពេលបច្ចុប្បន្ន និងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានព្យាករណ៍ទស្សនវិស័យនាពេលខាងមុខសម្រាប់ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ។

ទី១: ការិយាល័យ

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ទីក្រុងភ្នំពេញត្រូវបានព្យាករណ៍ថា នឹងទទួលបានកំណើននៃការផ្គត់ផ្គង់ការិយាល័យថ្មីយ៉ាងច្រើនសន្ធឹកសន្ធាប់។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ គម្រោងអគារការិយាល័យថ្មីមានទំហំផ្ទៃក្រឡាសរុបចំនួន៥៤១.៧១៧ម៉ែត្រការ៉េ។

ចំណែក៨៨ភាគរយនៃការផ្គត់ផ្គង់ការិយាល័យសរុបនាពេលខាងមុខនៅរាជធានីភ្នំពេញជាអគារការិយាល័យកម្រិត A ខណៈអគារការិយាល័យកម្រិត B នឹងបង្កើតបានចំណែក១២ភាគរយនៃការផ្គត់ផ្គង់សរុប។

ការថយចុះនៃកំណើនសេដ្ឋកិច្ចសកលនឹងនាំឱ្យក្រុមហ៊ុននានាកាត់បន្ថយការចំណាយ ដោយជំរុញឱ្យមានការវាយតម្លៃឡើងវិញនូវតម្រូវការការិយាល័យរបស់ពួកគេ។ ទស្សនវិស័យរយៈពេលខ្លីសម្រាប់ទីផ្សារការិយាល័យនៅទីក្រុងភ្នំពេញប្រឈមមុខនឹងអត្រាការិយាល័យទំនេរ ដែលបានកើនឡើងដល់២៦ភាគរយកាលពីឆមាសទី១។

ចំណែក ទស្សនវិស័យរយៈពេលវែងនឹងអាស្រ័យលើលក្ខខណ្ឌសេដ្ឋកិច្ច និងកត្តាខាងក្រៅ។

ទី២: ការលក់រាយ

ការផ្គត់ផ្គង់អចលនទ្រព្យផ្នែកលក់រាយនឹងធ្លាក់ចុះបន្ថែមទៀតក្នុងរយៈពេលខ្លី ខណៈបណ្តាអ្នកអភិវឌ្ឍន៍សម្រេចពន្យារពេលក្នុងការបញ្ចប់ការសាងសង់ផ្សារទំនើបថ្មី។ ការសម្រេចចិត្តនេះ​ធ្វើឡើង ដោយ​សារ​ទីផ្សារលក់រាយកំពុងស្ថិតក្នុងស្ថានភាពនៃការ​ផ្គត់ផ្គង់​លើស​តម្រូវការ។

ផ្សារទំនើបជាច្រើនបន្តប្រឈមមុខនឹងអត្រាទំនេរខ្ពស់(Vacancy rate) ដែលបានកើនឡើងដល់៣៧,៨ភាគរយនៅឆមាសទី១ ដោយសារលំហូរអ្នកដើរទិញទំនិញនៅតាមផ្សារទំនើបមិនទាន់វិលត្រលប់ទៅរកកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ-១៩។

ទី៣: សណ្ឋាគារ

ការផ្គត់ផ្គង់សណ្ឋាគារទូទាំងរាជធានីភ្នំពេញនឹងហក់ឡើង១៩ភាគរយដល់ចំនួន១៩.៤៨៣បន្ទប់នៅឆ្នាំ២០២៨ខាងមុខ បើធៀបនឹងសណ្ឋាគារសរុបនាពេលបច្ចុប្បន្ន ដែលមានចំនួន១៦.៣៧២បន្ទប់។

បន្ថែមពីលើនេះ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងបើកដំណើរការក្នុងពេលឆាប់ៗនេះ នឹងជំរុញភាពងាយស្រួល និងទាក់ទាញជើងហោះហើរត្រង់បន្ថែមទៀត។ ការណ៍នេះនឹងជំរុញឱ្យមានតម្រូវការបន្ទប់សណ្ឋាគារក្នុងរយៈពេលមធ្យម និងរយៈពេលវែង។

ទី៤: លំនៅដ្ឋាន

ចាប់ពីឆ្នាំ២០២៥នេះតទៅ ក្រុមហ៊ុន Knight Frank រំពឹងថា ខុនដូនឹងក្លាយជាជម្រើសដ៏មានសក្តានុពលសម្រាប់ប្រជាជនកម្ពុជា ខណៈការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់រដ្ឋាភិបាលកម្ពុជានឹងជួយគាំទ្រដល់កំណើនទីផ្សារខុនដូរយៈពេលវែង។

ការផ្គត់ផ្គង់ខុនដូសរុបនៅរាជធានីភ្នំពេញត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំនួន៦៨.៦៧៤យូនីតនៅចុងឆ្នាំ២០២៥។ ការប្រែប្រួលនៃកត្តាខាងក្រៅរយៈពេលខ្លីត្រូវបានគេរំពឹងថា នឹងជះផលប៉ះពាល់លើទីផ្សារខុនដូក្នុងឆមាសទី២ ឆ្នាំនេះ។

ទោះជាយ៉ាងណា ទស្សនវិស័យរយៈពេលមធ្យមទៅរយៈពេលវែងសម្រាប់ទីផ្សារខុនដូនៅរាជធានីភ្នំពេញបានបង្ហាញសញ្ញាវិជ្ជមាន។

ដោយឡែក ទស្សនវិស័យរយៈពេលខ្លី និងរយៈពេលមធ្យមសម្រាប់ទីផ្សារលំនៅដ្ឋានលក្ខណៈបុរីនៅតែជួបប្រទះបញ្ហាប្រឈម ដោយសារការកើនឡើងលើសតម្រូវការនៃការផ្គត់ផ្គង់ផ្ទះ ដែលមានតម្លៃថ្លៃពេក។

ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍នឹងពិបាកលក់លំនៅដ្ឋានក្នុងគម្រោងបុរីរបស់ខ្លួន ប្រសិនបើនកអភិវឌ្ឍន៍មិនដាក់ចេញយុទ្ធសាស្រ្តកំណត់តម្លៃឡើងវិញ(Repricing)។

ផ្ទុយទៅវិញ ការអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យកំពុងទទួលបានការចាប់អារម្មណ៍។ ប៉ុន្តែ ផ្នែកនេះត្រូវការនូវការគាំទ្របន្ថែមទៀតពីរដ្ឋាភិបាល។

ទី៥: ឧស្សាហកម្ម

ចំនួន៨៦ភាគរយនៃគម្រោងវិនិយោគសរុប ដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តចាប់ពីខែមករារហូតដល់ខែឧសភា ឆ្នាំ២០២៥ ជាគម្រោងវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម។

បច្ចុប្បន្ន កម្ពុជាកំពុងផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយវិស័យឧស្សាហកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នៅឆ្នាំនេះ វិស័យឧស្សាកម្មត្រូវបានព្យាករណ៍ថា នឹងរួមចំណែកប្រមាណ៣៤ភាគរយនៃផលទុនជាតិសរុបរបស់កម្ពុជា។

វិស័យ​ឧស្សាហកម្មនៅ​កម្ពុជាកំពុង​ផ្លាស់ប្តូរ​ពី​ផលិតកម្ម​កាត់ដេរ​​ទៅ​ជា​ឧស្សាហកម្ម​ ដែលមានតម្លៃ​បន្ថែមខ្ពស់ ​ដូច​ជា ការផលិត​គ្រឿង​អេឡិច​ត្រូនិក គ្រឿង​បន្លាស់​រថយន្ត និង​ផលិតកម្ម​ធុនស្រាល។

សហរដ្ឋអាមេរិកបានទាញទម្លាក់ពន្ធបដិការលើទំនិញកម្ពុជាមកនៅត្រឹម១៩ភាគរយ។ អត្រានេះជា​កម្រិត​ទាប​បំផុត​មួយ​ក្នុង​តំបន់អាស៊ាន ដែល​នឹងផ្តល់​ផល​ល្អ​សម្រាប់​វិស័យ​ផលិតកម្ម និង​ភស្តុភាររបស់កម្ពុជា៕ប្រភព: Knight Frank៕

LEAVE A REPLY

Please enter your comment!
Please enter your name here