ដោយ: គង់ លាងហួរ
ភ្នំពេញ: វិស័យទេសចរណ៍នៅខេត្តសៀមរាបបានបន្តស្ទុះងើបឡើងវិញ ខណៈនៅឆមាសទី១ ឆ្នាំនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន០,៣៤១លាននាក់ កើនឡើង៨,៩ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំមុន។
កំណើននេះបានជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនមូលដ្ឋាន ព្រមទាំងជំរុញវិស័យអចលនទ្រព្យក្នុងក្រុងសៀមរាប ជាពិសេសសណ្ឋាគារ។
ខាងក្រោមនេះជាទិដ្ឋភាពរបស់ផ្នែកនីមួយៗក្នុងវិស័យអចលនទ្រព្យនៅក្រុងសៀមរាប៖
ទី១: សណ្ឋាគារ
គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៥ ការផ្គត់ផ្គង់សណ្ឋាគារនៅក្រុងសៀមរាបមានចំនួន៩.៥៨៤បន្ទប់។ក្នុងនោះ ចំណែក៥១ភាគរយនៃចំនួនសណ្ឋាគារសរុបមានទីតាំងនៅសង្កាត់ស្វាយដង្គំក្នុងក្រុងសៀមរាប ខណៈចំណែក២៩ភាគរយនៃចំនួនសណ្ឋាគារសរុបមានទីតាំងនៅសង្កាត់ស្លក្រាម។
ការងើបឡើងវិញនៃលំហូរភ្ញៀវទេសចរណ៍បរទេស និងតម្រូវការទេសចរណ៍ក្នុងស្រុកបានជំរុញឱ្យអត្រាស្នាក់នៅសណ្ឋាគារទូទាំងប្រទេសកម្ពុជាកើនឡើងដល់ចំនួន៧៧,៨ភាគរយក្នុងឆមាសទី១ ឆ្នាំ២០២៥។
ទី២: លំនៅដ្ឋាន
នៅក្នុងឆមាសទី១ ទីក្រុងសៀមរាបទទួលបានការផ្គត់ផ្គង់លំនៅដ្ឋានបែបបុរីសរុបចំនួន៣.៨៤៩យូនីតនៅក្នុងគម្រោងចំនួន២៧ ដែលមានតម្លៃចាប់ពី៤៣០ដុល្លារ ទៅ១.៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
ចំណែក ការផ្គត់ផ្គង់ខុនដូមានសរុបចំនួន៥៨៩យូនីតមកពីគម្រោងចំនួន៤ ដូចជា គម្រោង ST Premier Residence គម្រោង Rose Apple គម្រោង The Sky Park និងគម្រោង Angkor Grace។
ខុនដូក្នុងក្រុងសៀមរាបមានតម្លៃចន្លោះពី១.១០០ដុល្លារអាមេរិកទៅ២.៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងមានអត្រាផលចំណេញត្រឡប់ពីការជួលក្នុងរង្វង់ចាប់ពី៦ភាគរយ ទៅ៧ភាគរយ។
ជារួម ទីផ្សារជួលលំនៅដ្ឋាននៅទីក្រុងសៀមរាបបានងើបឡើងវិញក្នុងកម្រិតមធ្យមទាំងផ្នែកតម្រូវការរយៈពេលខ្លី និងរយៈពេលវែង ដោយសារការស្ទុះងើបឡើងវិញនៃលំហូរភ្ញៀវទេសចរណ៍បរទេស។
ទី៣: ផ្នែកលក់រាយ
នៅចន្លោះឆ្នាំ២០២៤ និងឆមាសទី១នៃឆ្នាំនេះ លំហូរភ្ញៀវទេសចរណ៍អន្តរជាតិ និងភ្ញៀវទេសចរណ៍ក្នុងស្រុកចូលមកកាន់ក្នុងខេត្តសៀមរាបបានងើបឡើងវិញ។
យ៉ាងណាមិញ ទីផ្សារអចលនទ្រព្យលក់រាយនៅក្រុងសៀមរាបនៅតែបន្តប្រឈមមុខនឹងបញ្ហា ដោយសារតែភ្ញៀវទេសចរណ៍ភាគច្រើនមិនសូវចំណាយប្រាក់ច្រើនលើការទិញទំនិញនៅតាមផ្សារទំនើប។
ក្នុងនោះ គេសង្កេតឃើញមានផ្សារទំនើបជាច្រើន រួមមានដូចជា ផ្សារទំនើប Angkor Fashion Plaza ផ្សារទំនើប ថៃ ហួត និងផ្សារទំនើប Angkor Trade Centre បានបញ្ឈប់ដំណើរការ៕ប្រភព: Knight Frank៕