ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា តម្រូវការជួលការិយាល័យនៅប្រទេសសិង្ហបុរីបានហក់ឡើង១២ដងក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះ ដោយនាំមុខគេទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានគូសបញ្ជាក់ថា បណ្តាក្រុមហ៊ុនជាច្រើននៅទីក្រុងសិង្ហបុរីបានផ្លាស់ប្តូរទីតាំងការងារទៅកាន់អគារការិយាល័យ ដែលទើបបញ្ចប់ការសាងសង់ថ្មីៗ។ប្រការនេះបានជំរុញឱ្យសកម្មភាពជួលការិយាល័យនៅសិង្ហបុរីកើនឡើង។
គិតត្រឹមត្រីមាសទី២ តម្លៃជួលការិយាល័យនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់កំពូលមួយនេះបានកើនឡើង១,៣ភាគរយដល់ចំនួន១២,១ដុល្លារសិង្ហបុរី (ប្រហែល៩,៤២ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េក្នុងមួយខែ។ នេះបើយោងតាមរបាយការណ៍ដាច់ដោយឡែកពីក្រុមហ៊ុន CBRE។








