គម្រោងរោងចក្រដំឡើងរថយន្តចំនួន៥នៅកម្ពុជាគ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: គម្រោងវិនិយោគយ៉ាងហោចចំនួន៥លើការដំឡើងរថយន្តនៅកម្ពុជាត្រូវបានអនុម័ត ហើយការសាងសង់គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

លោក សឿន ដារ៉ា នាយកប្រតិបត្តិនៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានមានប្រសាសន៍ថា “ជាមួយ​នឹង​រោងចក្រថ្មីនេះ ចំនួន​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់​ទៅ៩ ដែល​ក្នុង​នោះ​មានរោងចក្រចំនួន៣បាន​ដំណើរការ​ហើយ”។

រោងចក្រ​ដំឡើង​រថយន្ត​ចំនួន​៣ដែល​បាន​ដំណើរការ​រួច​ហើយ​នោះ​ រួមមាន​ក្រុមហ៊ុន Hyundai ស្ថិត​ក្នុង​ខេត្ត​កោះកុង Daehan ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​រោងចក្រ Ford របស់ RMA Cambodia នៅ​ខេត្ត​ពោធិ៍សាត់។

លោក​បាន​បន្ត​ថា “រោងចក្រ Isuzu របស់​កម្ពុជា​ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពង់ស្ពឺ​បាន​បញ្ចប់​ការ​សាង​សង់​ហើយ និងត្រៀមបើក​ដំណើរការ​នៅក្នុង​ពេល​ឆាប់ៗ​នេះ”។

លោក​បាន​បញ្ជាក់ថា​ ក្រុមហ៊ុន​ចំនួន​៥ផ្សេង​ទៀត​គឺក្រុមហ៊ុន HGB Motor Assembly ក្រុមហ៊ុន EM Automotive ក្រុមហ៊ុន GTV Motor ក្រុមហ៊ុន Toyota និងក្រុមហ៊ុន China Matrix Technology Group ដែលត្រូវបាន​អនុម័ត​រួច​ហើយ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC)។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ការបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងការវិនិយោគឧស្សាហកម្មធំៗ ដោយប្រើប្រាស់បច្ចេកវិទ្យាជាន់ខ្ពស់ ខណៈដែលកម្ពុជាកំពុងទទួលបានគ្រឿងបន្លាស់អគ្គិសនី និងរោងចក្រដំឡើងរថយន្ត។

សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅដើមសប្តាហ៍នេះថា បច្ចុប្បន្ននេះ យើងមានក្រុមហ៊ុនដំឡើងរថយន្តជាច្រើននៅក្នុងប្រទេសកម្ពុជា រួមទាំងក្រុមហ៊ុន Ford ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Toyota នាពេលអនាគតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ។

លើសពីនេះទៀត ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ផែនការ​អាជីវកម្ម​របស់​ខ្លួន​ដើម្បី​ពង្រីក​អាជីវកម្ម​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជាផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃថា លំហូរនៃការវិនិយោគថ្មីនេះជំរុញមកពីស្ថិរភាព និងសន្តិភាពរបស់ប្រទេសកម្ពុជាជាពិសេសការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃជំងឺកូវីដ-១៩។

លោកឧកញ៉ាបានបន្ថែមថា “ជាមួយនឹងច្បាប់វិនិយោគថ្មី ផែនការអនុគ្រោះពន្ធពាណិជ្ជកម្មក្រោមកិច្ចព្រមពៀង FTAs ​​និង RCEP បានជំរុញឱ្យអ្នកវិនិយោគចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជា ដោយសារប្រទេសនេះមានទីផ្សារដ៏ធំសម្រាប់ការនាំចេញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here