ដោយ: គង់ លាងហួរ
ភ្នំពេញ: គម្រោងវិនិយោគយ៉ាងហោចចំនួន៥លើការដំឡើងរថយន្តនៅកម្ពុជាត្រូវបានអនុម័ត ហើយការសាងសង់គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
លោក សឿន ដារ៉ា នាយកប្រតិបត្តិនៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានមានប្រសាសន៍ថា “ជាមួយនឹងរោងចក្រថ្មីនេះ ចំនួនរោងចក្រដំឡើងរថយន្តនៅកម្ពុជានឹងកើនឡើងដល់ទៅ៩ ដែលក្នុងនោះមានរោងចក្រចំនួន៣បានដំណើរការហើយ”។
រោងចក្រដំឡើងរថយន្តចំនួន៣ដែលបានដំណើរការរួចហើយនោះ រួមមានក្រុមហ៊ុន Hyundai ស្ថិតក្នុងខេត្តកោះកុង Daehan ក្រុងបាវិត ខេត្តស្វាយរៀង និងរោងចក្រ Ford របស់ RMA Cambodia នៅខេត្តពោធិ៍សាត់។
លោកបានបន្តថា “រោងចក្រ Isuzu របស់កម្ពុជាដែលមានទីតាំងនៅខេត្តកំពង់ស្ពឺបានបញ្ចប់ការសាងសង់ហើយ និងត្រៀមបើកដំណើរការនៅក្នុងពេលឆាប់ៗនេះ”។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនចំនួន៥ផ្សេងទៀតគឺក្រុមហ៊ុន HGB Motor Assembly ក្រុមហ៊ុន EM Automotive ក្រុមហ៊ុន GTV Motor ក្រុមហ៊ុន Toyota និងក្រុមហ៊ុន China Matrix Technology Group ដែលត្រូវបានអនុម័តរួចហើយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ការបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងការវិនិយោគឧស្សាហកម្មធំៗ ដោយប្រើប្រាស់បច្ចេកវិទ្យាជាន់ខ្ពស់ ខណៈដែលកម្ពុជាកំពុងទទួលបានគ្រឿងបន្លាស់អគ្គិសនី និងរោងចក្រដំឡើងរថយន្ត។

សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅដើមសប្តាហ៍នេះថា បច្ចុប្បន្ននេះ យើងមានក្រុមហ៊ុនដំឡើងរថយន្តជាច្រើននៅក្នុងប្រទេសកម្ពុជា រួមទាំងក្រុមហ៊ុន Ford ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Toyota នាពេលអនាគតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ។
លើសពីនេះទៀត ក្រុមហ៊ុនអាល្លឺម៉ង់មួយចំនួនក៏បានបង្ហាញផែនការអាជីវកម្មរបស់ខ្លួនដើម្បីពង្រីកអាជីវកម្មរោងចក្រដំឡើងរថយន្តនៅកម្ពុជាផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃថា លំហូរនៃការវិនិយោគថ្មីនេះជំរុញមកពីស្ថិរភាព និងសន្តិភាពរបស់ប្រទេសកម្ពុជាជាពិសេសការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃជំងឺកូវីដ-១៩។
លោកឧកញ៉ាបានបន្ថែមថា “ជាមួយនឹងច្បាប់វិនិយោគថ្មី ផែនការអនុគ្រោះពន្ធពាណិជ្ជកម្មក្រោមកិច្ចព្រមពៀង FTAs និង RCEP បានជំរុញឱ្យអ្នកវិនិយោគចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជា ដោយសារប្រទេសនេះមានទីផ្សារដ៏ធំសម្រាប់ការនាំចេញ”៕







