ដោយវុត្ថា
ខេត្តព្រះសីហនុ: ក្រុមហ៊ុនចិនធំៗចំនួន៨ទៀត បានកំពុងសិក្សានិងបង្ហាញបំណងវិនិយោគនៅខេត្តព្រះសីហនុ ដែលជាខេត្តមានការរីកចម្រើន និងមានសក្តានុពលសេដ្ឋកិច្ចមួយនេះ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុកាលពីចុងសប្តាហ៍មុន លោក LUO ZHUOWEI នាយករងមជ្ឈមណ្ឌលជំរុញការវិនិយោគ នៃសាធារណរដ្ឋប្រជាមានិតចិនឲ្យដឹងថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការ គ្រប់គ្រង ទឹកស្អាត កាកសំណល់ សំរាម ទឹកកខ្វក់ និងសន្តិសុខ។ ហើយក្រុមហ៊ុនចង់មកធ្វើការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមួយស្ថិតក្នុងចំណោមតំបន់ នៃគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយរបស់ប្រធានាធិបតីចិន។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមហ៊ុនទាំង៨នេះ ដែលមានគោលបំណងចង់ មកវិនិយោគនៅខេត្តព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍន៍យ៉ាងគំហុក។ ម្យ៉ាងទៀតការអភិវឌ្ឍរមែងមានផលប៉ះពាល់ផ្នែកបរិស្ថាន អនាម័យមួយចំនួនផងដែរ ហេតុនេះក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។






