ក្រុមហ៊ុនថាមពល Keppel Energy ទទួលបានសិទ្ធិនាំចូលអគ្គិសនីទំហំ១ជីហ្គាវ៉ាត់ពីកម្ពុជាទៅកាន់សិង្ហបុរី

0

ដោយៈ សុខុម

សិង្ហបុរី: អាជ្ញាធរទីផ្សារថាមពល (EMA) របស់សិង្ហបុរី បានប្រ​កាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ថា ក្រុមហ៊ុនថាមពល Keppel Energy ទទួលការអនុម័តដោយមានលក្ខខណ្ឌ ដើម្បីនាំចូលថាមពលអគ្គិសនីទំហំ១ជីហ្គាវ៉ាត់ (GW) ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី។

អគ្គិសនីនឹងត្រូវបញ្ជូនពីកម្ពុជា ទៅកាន់សិង្ហបុរី តាមរយៈខ្សែកាបក្រោមសមុទ្រថ្មីៗ ដែលមានប្រវែងជាង១.០០០គីឡូម៉ែត្រ។ ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន CNA អ្នកនាំពាក្យក្រុមហ៊ុន Keppel Infrastructure ដែលជាក្រុមហ៊ុនមេរបស់ Keppel Energy បញ្ជាក់ថា គម្រោងនេះ នឹងតម្រូវឱ្យធ្វើការជួសជុលកែលម្អលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី។

អ្នកនាំពាក្យដដែលនិយាយថា “ការធ្វើផែនការ និងការអនុវត្តគឺជាដំណើរការច្រើនជំហាន រួមទាំងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងជាកម្មវត្ថុ នៃការងារអភិវឌ្ឍន៍នាពេលអនាគត ដែលអាចទទួលអនុវត្តន៍ ដោយក្រុមហ៊ុនដាច់ដោយឡែកៗ”។

អ្នកនាំពាក្យអាជ្ញាធរទីផ្សារថាមពល (EMA) បានប្រាប់សារព័ត៌មាន CNA ថា ការអនុម័តដោយមានលក្ខខណ្ឌ សម្រាប់ក្រុមហ៊ុនថាមពលសិង្ហបុរី Keppel Energy គឺជាការអនុម័តដំបូងដោយអាជ្ញាធរ EMA សម្រាប់ការនាំចូលអគ្គិសនីទ្រង់ទ្រង់ធំបែបនេះ។

អាជ្ញាធរ EMA និយាយថា វាជា “ព្រឹត្តិការណ៍ដ៏សំខាន់” សម្រាប់ប្រទេសសិង្ហបុរី ដែលមានមហិច្ឆតានាំចូលអគ្គិសនី ដែលមានកាបូនទាបរហូតដល់៤ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០២៥។

ជាផ្នែកនៃចំណាត់ការនេះ ក្រុមហ៊ុន Keppel Energy កាលពីថ្ងៃពុធ ទី១៥ ខែមីនា បានចុះកិច្ចព្រមព្រៀងទិញ និងនាំចេញថាម​ពលរយៈពេលវែងជាមួយក្រុមហ៊ុន Royal Group Power (RGP) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង សម្រាប់ឱ្យក្រុមហ៊ុន RGP ផ្គត់ផ្គង់ និងនាំចេញ ហើយក្រុមហ៊ុន Keppel Energy នាំចូលថាមពលអគ្គិសនីកាបូនទាប ទៅកាន់ប្រទេសសិង្ហបុរី៕  CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here