ក្រុមហ៊ុនដ៏ធំរបស់ចិនចាប់អារម្មណ៍វិនិយោគលើហេដ្ឋារចនា សម្ព័ន្ឋធំៗនៅកម្ពុជា

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនចិនដ៏ធំមួយ China Metro Groupរបស់ប្រទេសចិន បានបង្ហាញពីបំណងចង់វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋនៅក​ម្ពុជា។

ថ្នាក់ដឹកនាំក្រុមហ៊ុននេះ បានជួបសម្តេចតេជោហ៊ុន សែននាយ​ករដ្ឋមន្រ្តីនៃកម្ពុជាម្តងរួចហើយ នៅទីក្រុងប៉េកាំងអំឡុងសម្តេចបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងចន្លោះថ្ងៃទី៩ ដល់១១កុម្ភៈកន្លងមកនេះ។

តាមរយៈជំនួបនេះ បានធ្វើឲ្យលោកLi Kuo តំណាងក្រុមហ៊ុនChina Metro Groupមកស្វែងយល់ពីគំរោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗនៅកម្ពុជា។

លោកLi Kuoបានជួបពិភាក្សាការងារ ជាមួយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីចុងសប្តាហ៍មុននេះ។

លោក Li Kuo បាន​ប្រាប់លោក ស៊ុន ចាន់ថុល អំពី​សកម្មភាព​ការងារ បទ​ពិសោធន៍​របស់​ក្រុមហ៊ុន ដែលជា​សាជីវកម្ម​ធំមួយ​នៅ​ប្រទេស​ចិន ក្នុង​ការអនុវត្ត​ការងារ​សាងសង់ ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នៅ​ក្នុងតំបន់ និង​ពិភព​លោក។

លោក​ទេស​រដ្ឋមន្ត្រី ​ជម្រាប​ជូន​អំពី​ការលើក​ទឹកចិត្ត ​របស់​រាជរដ្ឋាភិ​បាលកម្ពុជា ដល់វិនិយោគិនតាមរយៈ​ច្បាប់​វិនិយោគ ដែល​អនុ​ញ្ញាត​ឱ្យ​មាន​កិច្ចសន្យា​រយៈពេល​វែង ការបើក​ចំហ​ការវិនិយោគ​លើ​គ្រប់​វិស័យ ការអនុគ្រោះ​ពន្ធ។ល។ ជាងនេះ​ទៅទៀត ឯកឧត្តមទេស​រដ្ឋមន្ត្រី ​ក៏បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព ក្នុង​ការចូលរួម​ដាក់ទុន​វិនិយោគ​ ក្នុងការកសាង ​និង​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា។

លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​នូវ​គម្រោង​សិក្សា​មួយចំនួន ដែល​ក្រសួង​កំពុង​ស្ថិត​ក្នុងការសិក្សា ព្រមទាំង​កំពុង​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន ឬដៃគូ​អភិវឌ្ឍន៍​នានា​ចូលរួម​ក្នុង​ការវិនិយោគ។ លោក​ថា គម្រោង​ទាំងនោះ​រួមមាន ការសិក្សា​គម្រោង​តភ្ជាប់​ផ្លូវ​រថភ្លើង ​ពី​ព្រលាន​យន្តហោះភ្នំពេញ​ថ្មី ការសិក្សា​គម្រោង​តភ្ជាប់​ផ្លូវ​រថភ្លើង តភ្ជាប់​ពី​ព្រលាន​យន្តហោះ​ថ្មី ​ខេត្ត​សៀមរាប ប្រព័ន្ធប្រតិបត្តិការ​រថភ្លើង​ស្វ័យ​ប្រវត្តិ(AGT) ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី (Subway) និង​ការសិក្សាគម្រោង​អភិវឌ្ឍន៍​រថភ្លើង Monorail ដើម្បី​ឆ្លើយតប​ទៅនឹង​ការកកស្ទះ​ចរាចរណ៍ ដោយ​សារកំណើន​នៃ​យានយន្ត និង​តម្រូវការ​នៃ​ការដឹកជញ្ជូន។

លោក​លើកឡើង​ថា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​នៅ​កម្ពុជា​មានការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​ការសាងសង់​ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ដោយ​សំដៅ​ជំរុញ​នូវ​ការតភ្ជាប់ ​នៅ​ទូទាំង​ប្រទេស ដែល​មាន​លក្ខណៈ​ពហុមធ្យោបាយ និង​បណ្តា​គម្រោង​សាងសង់​ធំៗ​ជាច្រើនទៀត រួមមាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ​ដឹកជញ្ជូន​នានា ដែល​ក្រសួង​សម្រេច​បាន និង​កំពុង​ធ្វើ​ការអភិវឌ្ឍ។

លោកស៊ុន ចាន់ថុលបានបន្ត​ថា គម្រោង​ទាំងនោះ​មាន ដូចជា​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គម្រោង​ផ្លូវ​ល្បឿនលឿន ភ្នំពេ​ញ-បាវិត គម្រោង​សិក្សា​សមិទ្ធិលទ្ធភាព ​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-សៀមរាប និងការសិក្សា​សមិទ្ធិ​លទ្ធភាព ​គម្រោង​លើកកម្រិត​ផ្លូវ​រថភ្លើង​ភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យ​ទៅជា​ផ្លូវ​រថភ្លើង​ល្បឿនលឿនផងដែរ៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here