ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនចិនដ៏ធំមួយ China Metro Groupរបស់ប្រទេសចិន បានបង្ហាញពីបំណងចង់វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា។
ថ្នាក់ដឹកនាំក្រុមហ៊ុននេះ បានជួបសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាម្តងរួចហើយ នៅទីក្រុងប៉េកាំងអំឡុងសម្តេចបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងចន្លោះថ្ងៃទី៩ ដល់១១កុម្ភៈកន្លងមកនេះ។
តាមរយៈជំនួបនេះ បានធ្វើឲ្យលោកLi Kuo តំណាងក្រុមហ៊ុនChina Metro Groupមកស្វែងយល់ពីគំរោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗនៅកម្ពុជា។

លោកLi Kuoបានជួបពិភាក្សាការងារ ជាមួយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីចុងសប្តាហ៍មុននេះ។
លោក Li Kuo បានប្រាប់លោក ស៊ុន ចាន់ថុល អំពីសកម្មភាពការងារ បទពិសោធន៍របស់ក្រុមហ៊ុន ដែលជាសាជីវកម្មធំមួយនៅប្រទេសចិន ក្នុងការអនុវត្តការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងតំបន់ និងពិភពលោក។
លោកទេសរដ្ឋមន្ត្រី ជម្រាបជូនអំពីការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដល់វិនិយោគិនតាមរយៈច្បាប់វិនិយោគ ដែលអនុញ្ញាតឱ្យមានកិច្ចសន្យារយៈពេលវែង ការបើកចំហការវិនិយោគលើគ្រប់វិស័យ ការអនុគ្រោះពន្ធ។ល។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការចូលរួមដាក់ទុនវិនិយោគ ក្នុងការកសាង និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

លោក ស៊ុន ចាន់ថុល បានបង្ហាញនូវគម្រោងសិក្សាមួយចំនួន ដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ។ លោកថា គម្រោងទាំងនោះរួមមាន ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើង ពីព្រលានយន្តហោះភ្នំពេញថ្មី ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើង តភ្ជាប់ពីព្រលានយន្តហោះថ្មី ខេត្តសៀមរាប ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃការដឹកជញ្ជូន។

លោកលើកឡើងថា វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសការសាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ដោយសំដៅជំរុញនូវការតភ្ជាប់ នៅទូទាំងប្រទេស ដែលមានលក្ខណៈពហុមធ្យោបាយ និងបណ្តាគម្រោងសាងសង់ធំៗជាច្រើនទៀត រួមមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននានា ដែលក្រសួងសម្រេចបាន និងកំពុងធ្វើការអភិវឌ្ឍ។
លោកស៊ុន ចាន់ថុលបានបន្តថា គម្រោងទាំងនោះមាន ដូចជាផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងសិក្សាសមិទ្ធិលទ្ធភាព ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនផងដែរ៕







