ក្រុមហ៊ុនChina Evergrande គ្រោងបង្ហាញព័ត៌មានលម្អិតអំពីការរៀបចំរចនាសម្ព័ន្ធបំណុលនៅសប្តាហ៍នេះ

0

ដោយ: គង់ លាងហួរ

ហុងកុង: ក្រុមហ៊ុនអចលនទ្រព្យ លំដាប់យក្សរបស់ប្រទេសចិន China Evergrande Group គ្រោង​នឹង​បោះពុម្ពផ្សាយ​តារាង​កំណត់​រចនាសម្ព័ន្ធ​បំណុល ​នៅក្រៅប្រទេសនៅ​ថ្ងៃ​ពុធ​សប្តាហ៍នេះ ក្នុង​គោ​លបំណង​ចុះ​ហត្ថលេខា ​លើ​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់​បំណុល​នៅចុង​ខែមីនានេះ។

អ្នកតំណាងមួយរូបនៃក្រុមម្ចាស់បំណុល នៅក្រៅប្រទេសដ៏សំខាន់មួយ បានអះអាងបន្ទាប់ពីសវនាការថា ខ្លួនបានយល់ព្រមលើលក្ខខណ្ឌ នៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលបានស្នើឡើងរបស់ក្រុមហ៊ុនEvergrande ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការបើកផ្លូវសម្រាប់ក្រុមហ៊ុន ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលនៅក្រៅប្រទេសចំនួន២២,៧ពាន់លានដុល្លារ។

ជាមួយនឹងបំណុលច្រើនជាង៣០០ពាន់លានដុល្លារ រួមទាំងបំណុលនៅឯនាយសមុទ្រ ក្រុមហ៊ុនEvergrande បានចាប់ផ្តើមដំណើរការរៀបចំ រចនាសម្ព័ន្ធបំណុលដ៏ធំបំផុតមួយ របស់ប្រទេសចិនកាលពីដើមឆ្នាំ២០២២។

នៅក្នុងសវនាការតុលាការកាលពីថ្ងៃចន្ទ ក្រុមហ៊ុននេះបានអះអាងថា ខ្លួនរំពឹងថា កិច្ចព្រមព្រៀងមួយ នឹងត្រូវបានចុះហត្ថលេខាដោយម្ចាស់បំណុលទូទៅនៅចុងខែមីនា ហើយការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ ​នឹង​ចូល​ជាធរមាន​ចាប់ពី​ថ្ងៃទី​១ ខែតុលា​។

ខណៈដែល ក្រុមហ៊ុន Evergrande ស្វែងរកការព្រមព្រៀងពីម្ចាស់បំណុលទូទៅ សម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ តុលាការបានកំណត់ថ្ងៃទី៣១ ខែកក្កដា សម្រាប់សវនាការបន្ទាប់នៃញត្តិបន្ថែម។

ប្រភពជាច្រើនបានប្រាប់សារពត៌មាន Reuters ថា ក្រុមហ៊ុន Evergrande បាននិងកំពុងព្យាយាមឈានដល់ កិច្ចព្រមព្រៀងជាមួ​យអ្នកកាន់ប័ណ្ណភាគហ៊ុននៅឯនាយសមុទ្រធំៗ លើលក្ខខណ្ឌរួមទាំងការផ្លាស់ប្តូរផ្នែកនៃបំណុលរបស់ខ្លួន ទៅជាភាគហ៊ុននៅក្នុងបុត្រសម្ព័ន្ធ ដែលបានចុះបញ្ជីចំនួន២នៅក្នុងទីក្រុងហុងកុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here