ដោយ: គង់ លាងហួរ
ហុងកុង: ក្រុមហ៊ុនអចលនទ្រព្យ លំដាប់យក្សរបស់ប្រទេសចិន China Evergrande Group គ្រោងនឹងបោះពុម្ពផ្សាយតារាងកំណត់រចនាសម្ព័ន្ធបំណុល នៅក្រៅប្រទេសនៅថ្ងៃពុធសប្តាហ៍នេះ ក្នុងគោលបំណងចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលនៅចុងខែមីនានេះ។

អ្នកតំណាងមួយរូបនៃក្រុមម្ចាស់បំណុល នៅក្រៅប្រទេសដ៏សំខាន់មួយ បានអះអាងបន្ទាប់ពីសវនាការថា ខ្លួនបានយល់ព្រមលើលក្ខខណ្ឌ នៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលបានស្នើឡើងរបស់ក្រុមហ៊ុនEvergrande ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការបើកផ្លូវសម្រាប់ក្រុមហ៊ុន ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលនៅក្រៅប្រទេសចំនួន២២,៧ពាន់លានដុល្លារ។
ជាមួយនឹងបំណុលច្រើនជាង៣០០ពាន់លានដុល្លារ រួមទាំងបំណុលនៅឯនាយសមុទ្រ ក្រុមហ៊ុនEvergrande បានចាប់ផ្តើមដំណើរការរៀបចំ រចនាសម្ព័ន្ធបំណុលដ៏ធំបំផុតមួយ របស់ប្រទេសចិនកាលពីដើមឆ្នាំ២០២២។

នៅក្នុងសវនាការតុលាការកាលពីថ្ងៃចន្ទ ក្រុមហ៊ុននេះបានអះអាងថា ខ្លួនរំពឹងថា កិច្ចព្រមព្រៀងមួយ នឹងត្រូវបានចុះហត្ថលេខាដោយម្ចាស់បំណុលទូទៅនៅចុងខែមីនា ហើយការរៀបចំរចនាសម្ព័ន្ធឡើងវិញ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែតុលា។
ខណៈដែល ក្រុមហ៊ុន Evergrande ស្វែងរកការព្រមព្រៀងពីម្ចាស់បំណុលទូទៅ សម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ តុលាការបានកំណត់ថ្ងៃទី៣១ ខែកក្កដា សម្រាប់សវនាការបន្ទាប់នៃញត្តិបន្ថែម។
ប្រភពជាច្រើនបានប្រាប់សារពត៌មាន Reuters ថា ក្រុមហ៊ុន Evergrande បាននិងកំពុងព្យាយាមឈានដល់ កិច្ចព្រមព្រៀងជាមួយអ្នកកាន់ប័ណ្ណភាគហ៊ុននៅឯនាយសមុទ្រធំៗ លើលក្ខខណ្ឌរួមទាំងការផ្លាស់ប្តូរផ្នែកនៃបំណុលរបស់ខ្លួន ទៅជាភាគហ៊ុននៅក្នុងបុត្រសម្ព័ន្ធ ដែលបានចុះបញ្ជីចំនួន២នៅក្នុងទីក្រុងហុងកុង៕







