ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុនថៃ Onshore Logistics Services Co Ltd (OLS) បានបង្ហាញពីបំណងប្រាថ្នាដ៏មុតមាំរបស់ខ្លួនក្នុងការវិនិយោគលើការអភិវឌ្ឍប្រេង និងឧស្ម័ននៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃ។ នេះបើយោងតាមការចេញផ្សាយដោយស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក។
គម្រោងវិនិយោគអភិវឌ្ឍន៍ប្រេង និងឧស្ម័នត្រូវបានលាតត្រដាងក្នុងជំនួបរវាងមន្ត្រីការទូតកម្ពុជាដឹកនាំដោយលោក ធុច ដាលីន និងគណៈប្រតិភូរបស់ក្រុមហ៊ុន OLS ដឹកនាំដោយនាយកប្រតិបត្តិលោក Phakin Pataradittakul កាលពីសប្តាហ៍មុន។
លោក ធុច ដាលីន បានសម្តែងនូវការពេញចិត្តចំពោះគម្រោងនេះ ហើយបានស្នើឱ្យគណៈប្រតិភូរៀបចំ និងដាក់សំណើសុំវិនិយោគដល់អាជ្ញាធរកម្ពុជា តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ។ ទោះជាយ៉ាងណា ការចេញផ្សាយនេះមិនបានផ្តល់ការពន្យល់បច្ចេកទេសណាមួយនៃគម្រោងនេះទេ។
ក្នុងជំនួបនោះ លោក Pataradittakul បានបង្ហាញពីគម្រោងនេះ ដល់មន្ត្រីការទូតកម្ពុជា ដោយលោកបានមានប្រសាសន៍ថា ក្រុមហ៊ុន OLS បានបង្កើតគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័ន ក្នុងទម្រង់ Multi-Client Seismic 3D Survey (MC3D) នៅក្នុងតំបន់ OCA ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ២៦.០០០គីឡូម៉ែត្ររវាងកម្ពុជា និងថៃ។
ទោះបីជាប្រទេសទាំង២ទទួលស្គាល់ថា តំបន់ OCA មានបរិមាណឧស្ម័នធម្មជាតិ និងធនធានដ៏ច្រើនសម្រាប់ប្រទេសទាំង២ក៏ដោយ ប៉ុន្តែការចរចាចែកប្រយោជន៍មិនបានឆ្លងកាត់ការគិតរបស់ពួកគេទេ ខណៈការចរចាររវាងរដ្ឋាភិបាលទាំងពីរបានទទួលជោគជ័យតិចតួចរហូតមកដល់ពេលនេះ។
លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល (MME) បានអះអាងកាលពីពេលថ្មីៗនេះថា “កម្ពុជាមិនទាន់ទទួលបានការឆ្លើយតបណាមួយពីសមភាគីថៃ ទាក់ទងនឹងការបន្តការចរចានេះនៅឡើយទេ ចាប់តាំងពីរដ្ឋាភិបាលបានផ្ញើលិខិតមួយទៅអតីតក្រុមការងារចរចារបស់ប្រទេសថៃ”។
លោក Kurujit Nakonthap នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេងរបស់ប្រទេសថៃបានជំរុញឱ្យរដ្ឋាភិបាលថៃធ្វើការជាមួយកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃឧស្ម័នពិភពលោកក្នុងរយៈពេលវែង បន្ទាប់ពីគណៈរដ្ឋមន្ត្រីធ្លាប់បានពិភាក្សាក្រៅផ្លូវការកាលពីខែមករាអំពីការអភិវឌ្ឍរួមគ្នានៃធនធានប្រេង៕