នាវាកម្សាន្តព្រីន3D ខ្នាតយក្សដំបូងបង្អស់របស់ពិភពលោកត្រូវបានឌីហ្សាញឡើងយ៉ាងពិសេស

0

ដោយៈ សុខុម

ញូវយ៉ក: ជាធម្មតានាវាកម្សាន្តខ្នាតយក្ស តែងតែផុសត្រដែតឡើងលើផ្ទៃសាគរ ហើយដោយសារវាមានទំហំធំ ទោះជានៅឆ្ងាយក៏អាចមើលឃើញដែរ។

ប៉ុន្តែសម្រាប់នាវាកម្សាន្តខ្នាតយក្សថ្មី ដែលអភិវឌ្ឍដោយក្រុមហ៊ុន Jozeph Forakis Design ត្រូវបានឌីហ្សាញឡើងយ៉ាងពិសេសដើម្បីឱ្យវាអាចបំបាំងកាយបានយ៉ាងអស្ចារ្យ។

ក្រុមហ៊ុនឌីហ្សាញអាមេរិកខាងលើបាននិយាយថា នាវាកម្សាន្តឈ្មោះឈ្មោះ Pegasus ដែលមានប្រវែង៨៨ម៉ែត្រនេះ នឹងក្លាយជានាវាកម្សាន្តព្រីន3D ខ្នាតយក្សដំបូងបង្អស់របស់ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែមីនា។

ក្រុមហ៊ុនបានបន្ថែមទៀតថា ការស្រោបដោយកញ្ចក់លើស្លាប និងតួនាវាកម្សាន្តខ្នាតយក្សនេះ ទាំងមូលជួយឱ្យនាវានេះ បន្ស៊ីខ្លួនវាបានយ៉ាងល្អ ទៅនឹងបរិយាកាសជុំវិញ ដែលមើលទៅវាហាក់ដូចបំបាំងកាយបានយ៉ាងអស្ចារ្យ។

តួនាវាកម្សាន្តខ្នាតយក្សនេះ ត្រូវបានបំពាក់ដោយបន្ទះសូឡា ដែលផ្ដល់ថាមពលដល់ម៉ាស៊ីនញែកធាតុ ដោយអគ្គីសនីដែលទាញយកអ៊ីដ្រូហ្សែនពីទឹកសមុទ្រ។ បន្ទាប់មកអ៊ីដ្រូហ្សែននោះ នឹងត្រូវបំប្លែ​ងទៅជាថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់នៅលើនាវា។

យោងតាមក្រុមការងារនៅក្រុមហ៊ុនឌីហ្សាញ Jozeph Forakis Design ឱ្យដឹងថា គម្រោងនេះត្រូវបានអភិវឌ្ឍឡើង ជាមួយនឹងទស្សនៈ “វិទ្យាសាស្ត្រពិត មិនមែនប្រឌិត” ហើយបច្ចេកវិទ្យាសំខាន់ៗ ដែលនឹងត្រូវបំពាក់លើនាវាកម្សាន្តនេះ នឹងត្រូវការការស្រាវជ្រាវបន្ថែមទៀត មុននឹងឈានដល់ការផលិតនាវានេះឡើង។

និយាយរួមទៅ វាគ្រាន់តែជាខន់សិបប៉ុណ្ណោះ ដូច្នេះដំណើរការផលិតនាវានេះ ឡើងមិនដឹងជាចាប់ផ្ដើមនៅពេលណា ឱ្យប្រាកដនោះឡើយ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here