ដោយៈ សុខុម
ញូវយ៉ក: ជាធម្មតានាវាកម្សាន្តខ្នាតយក្ស តែងតែផុសត្រដែតឡើងលើផ្ទៃសាគរ ហើយដោយសារវាមានទំហំធំ ទោះជានៅឆ្ងាយក៏អាចមើលឃើញដែរ។
ប៉ុន្តែសម្រាប់នាវាកម្សាន្តខ្នាតយក្សថ្មី ដែលអភិវឌ្ឍដោយក្រុមហ៊ុន Jozeph Forakis Design ត្រូវបានឌីហ្សាញឡើងយ៉ាងពិសេសដើម្បីឱ្យវាអាចបំបាំងកាយបានយ៉ាងអស្ចារ្យ។
ក្រុមហ៊ុនឌីហ្សាញអាមេរិកខាងលើបាននិយាយថា នាវាកម្សាន្តឈ្មោះឈ្មោះ Pegasus ដែលមានប្រវែង៨៨ម៉ែត្រនេះ នឹងក្លាយជានាវាកម្សាន្តព្រីន3D ខ្នាតយក្សដំបូងបង្អស់របស់ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែមីនា។
ក្រុមហ៊ុនបានបន្ថែមទៀតថា ការស្រោបដោយកញ្ចក់លើស្លាប និងតួនាវាកម្សាន្តខ្នាតយក្សនេះ ទាំងមូលជួយឱ្យនាវានេះ បន្ស៊ីខ្លួនវាបានយ៉ាងល្អ ទៅនឹងបរិយាកាសជុំវិញ ដែលមើលទៅវាហាក់ដូចបំបាំងកាយបានយ៉ាងអស្ចារ្យ។
តួនាវាកម្សាន្តខ្នាតយក្សនេះ ត្រូវបានបំពាក់ដោយបន្ទះសូឡា ដែលផ្ដល់ថាមពលដល់ម៉ាស៊ីនញែកធាតុ ដោយអគ្គីសនីដែលទាញយកអ៊ីដ្រូហ្សែនពីទឹកសមុទ្រ។ បន្ទាប់មកអ៊ីដ្រូហ្សែននោះ នឹងត្រូវបំប្លែងទៅជាថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់នៅលើនាវា។
យោងតាមក្រុមការងារនៅក្រុមហ៊ុនឌីហ្សាញ Jozeph Forakis Design ឱ្យដឹងថា គម្រោងនេះត្រូវបានអភិវឌ្ឍឡើង ជាមួយនឹងទស្សនៈ “វិទ្យាសាស្ត្រពិត មិនមែនប្រឌិត” ហើយបច្ចេកវិទ្យាសំខាន់ៗ ដែលនឹងត្រូវបំពាក់លើនាវាកម្សាន្តនេះ នឹងត្រូវការការស្រាវជ្រាវបន្ថែមទៀត មុននឹងឈានដល់ការផលិតនាវានេះឡើង។
និយាយរួមទៅ វាគ្រាន់តែជាខន់សិបប៉ុណ្ណោះ ដូច្នេះដំណើរការផលិតនាវានេះ ឡើងមិនដឹងជាចាប់ផ្ដើមនៅពេលណា ឱ្យប្រាកដនោះឡើយ៕ CNN៕