រដ្ឋាភិបាលនឹងអនុម័តគោលនយោបាយលើកទឹកចិត្តវិស័យSMEនៅពេលឆាប់ៗនេះ

0

​ដោយដែន ចែងចាំង
​ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានអះអាងថា យ៉ាងយូរក្នុងរយៈពេល២ខែទៅ៣ខែទៀត គោលនយោបាយលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម ដែលក្រសួងឧស្សាហកម្មរៀបចំតាំងពីយូរមកហើយនោះ នឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលដើម្បីអនុវត្តជាផ្លូវការ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែមករាកន្លងមកនេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថា យ៉ាងយូរនៅក្នុងរយៈពេល១ខែទៀត ក្រសួងឧស្សាហកម្ម នឹងដាក់ឆ្លងសេចក្តីព្រាងគោលនយោបាយលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទៅគណកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយបន្ទាប់ពីដាក់ឆ្លង និងរំពឹងថានៅក្នុងរយៈពេល១ខែបន្ទាប់ គោលនយោបាយនេះនឹងទទួលបានការអនុម័តដោយរាជរដ្ឋាភិបាល។

លោកបន្តថា “បច្ចុប្បន្នបើទោះកម្ពុជា នៅមិនទាន់គោលនយោបាយលើកទឹកចិត្តសហគ្រាសខ្នាតតូច និងមធ្យមនេះក៏ដោយ បច្ចុប្បន្នក៏មានសហគ្រាសមួយចំនួនដែលមានសក្តានុពលនាំចេញ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកពន្ធផងដែរ”។

លោកបន្តថា “នៅពេលដែលគោលនយោបាយប្រកាសអនុវត្តផ្លូវការនោះ បណ្តាសហគ្រាដែលមានសក្តានុពលនិងមានអាជីវកម្មរឹងម៉ាំ អាចប្រកួតប្រជែងជាមួយទំនិញក្រៅប្រទេសបាន គឺរាជរដ្ឋាភិបាល នឹងផ្តល់គោលនយោបាយលើកទឹកចិត្ត អាចជាការអនុគ្រោះពន្ធដារ ការផ្តល់ទុន ដើម្បីបង្កើនការផលិតជាដើម”។

តាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបង្ហាញថា មកដល់ដំណាច់ឆ្នាំ២០១៨នេះ កម្ពុជាមានសហគ្រាសខ្នាតតូច ខ្នាតមធ្យម និងសិប្បកម្ម មានចំនួនប្រមាណជិត៥២ម៉ឺនមូលដ្ឋាន។ ដោយឡែកសហគ្រាសធុនតូច មធ្យមនិងសិប្បកម្មកម្មន្តសាលមានប្រមាណជិត១៥ម៉ឺន៧ពាន់មូលដ្ឋាន ក្នុងនោះ សហគ្រាសធុនមធ្យម ប្រមាណ០.៩ភាគរយ សហគ្រាសធុនតូចប្រមាណ៩.៤ភាគរយ និងសិប្បកម្មកម្មន្តសាលប្រមាណ៨៩.៨ភាគរយ។

ប្រមុខរដ្ឋាភិបាលក៏បានប្រកាសវិនិយោគ១០០លានដុល្លារ ដើម្បីបង្កើតធនាគារSMEនាឆ្នាំនេះផងដែរ។


ជាការលើកទឹកចិត្តដល់អ្នកធុរកិច្ចក្នុងស្រុក សម្តេចតេជោហ៊ុន សែនកាលពីសប្តាហ៍មុនបានប្រកាសដកមន្រ្តីនៅតាមព្រំដែនទាំងអស់ចេញ ដោយទុកតែមន្រ្តីគយ និងអន្តោប្រវេសន៍ប៉ុណ្ណោះ ដោយសម្តេចអះអាងថា មន្រ្តីទាំងនោះអាចរារាំងនិងធ្វើឲ្យការចំ​ណាយនាំចេញ នាំចូលកើនឡើង។

សម្តេចបន្តថា “គោលនយោបាយដាក់ចេញកន្លងមកមិនប្រាកដថា ត្រឹមត្រូវនោះទេ ហេតុនេះយើងត្រូវធ្វើកំណែទម្រង់ ដើម្បីពង្រឹងឯករាជ្យភាព​របស់កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here