ពន្ធប៉ាតង់គឺត្រូវបានកំណត់ឱ្យសហគ្រាស ក្រុមហ៊ុនទាំងអស់បង់ប្រចាំឆ្នាំគឺដើម្បីរាប់សហគ្រាស និងក្រុមហ៊ុនទាំងនោះតាមទីតាំងរដ្ឋបាលដែលសហគ្រាស និងក្រុមហ៊ុនស្ថិតនៅ។ (ពន្ធរាប់ចំនួនសហគ្រាសក្រុមហ៊ុន)។ ពន្ធនេះត្រូវបានដាក់ជាប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ។
១.តើពន្ធប៉ាតង់ជាអ្វី?
ពន្ធប៉ាតង់ ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេលចាប់ផ្តើមពីថ្ងៃ ទី ១ មករាដល់ថ្ងៃទី ៣១ ខែមិនាជារៀងរាល់ឆ្នាំ។ សម្រាប់សហគ្រាស ឬ ក្រុមហ៊ុនដែលទើបចាប់ផ្តើមប្រកបអាជីវកម្ម ត្រូវបងពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែដើមឆ្នាំ ឬ បង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែចុងឆ្នាំ។
សហគ្រាស ឬ ក្រុមហ៊ុនដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយ នៅក្នុងខេត្ត/ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ។ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា ឬ ស្ថិតនៅក្នុងខេត្ត/ក្រុងផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់នៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។