ដោយ វុត្ថា
សៀមរាបៈ ស្របពេលកំនើនទេសចរណ៍ និងអ្នកវិនិយោគចិនកើនឡើង ក្រុមហ៊ុនអាកាសចរណ៍ចិនថ្មីមួយទៀតហើយ ដើម្បីលើកកំពស់ទំនាក់ទំនង និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក ឡ ហុងជាំង អភិបាលក្រុងស៊ីសងបាណាខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងជំនួបពិភាក្សានិងចុះហត្ថលេខាស្តីពី កិច្ចសហប្រតិបត្តិការកាលពីម្សិលមិញបានដឹងថា ការឲ្យមានជើងហោះហើរដោយត្រង់ពីខេត្តសៀមរាប ទៅកាន់ទីក្រុងស៊ីសងប៉ាណា គឺជាការល្អបំផុតសម្រាប់ការជួយ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ម៉្យាងទៀតក៏ជាការជម្រុញលើវិស័យទេសចរណ៍ នៃប្រទេសទាំងពីរកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឲ្យសេដ្ឋកិច្ចប្រជាជនទាំងពីរ កាន់តែមានភាពល្អប្រសើរទ្វេរឡើង។
លោកបន្តថា “ក្រុងស៊ីសងប៉ាណាជាទីក្រុងមួយធំជាងគេនៅប្រទេសចិន ផ្នែកអភិរក្សសត្វព្រៃ ហើយក្រៅពីនេះទីក្រុងស៊ីសងប៉ាណា ក៏ជាទីក្រុង ដ៏ធំផ្នែកកសិកម្ម ជាពិសេសលើដំណាំតែ និង ចេក”។ លោកបន្តទៀតថា “ផលិតផលតែ និងចេកនេះ បាននាំឲ្យក្រុងស៊ីសងប៉ាណា ទទួលបានអ្នកទេសចរប្រមាណ៤លាននាក់ក្នុងមួយឆ្នាំៗ”។
ក្រៅពីចង់ឲ្យមានជើងហោះហើរត្រង់រវាងក្រុងស៊ីសងប៉ាណា និង ខេត្តសៀមរាប លោក ឡ ហុងជាំង ក៏មានបំណងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយខេត្តសៀមរាប លើផ្នែកកសិកម្ម និងការផ្លាស់ប្តូរ និស្សិតទៅសិក្សាទៅវិញទៅមកផងដែរ។
លោកទៀ សីហាអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ការលើកឡើងរបស់ប្រតិភូសុំឲ្យមានជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ក៏ជាការជម្រុញឲ្យមានកំណើនអ្នកទេសចរណ៍ចូលមកទស្សនាប្រទេសកម្ពុជា សំខាន់ខេត្តសៀមរាប និងក៏ជាការជួយជម្រុញឲ្យជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរមានការរីកចម្រើនផងដែរ។ ការឆ្លើយតបនោះដែរ លោកទៀ សីហា បានឯកភាពចំពោះការលើកឡើង របស់អភិបាលក្រុងស៊ីសុងបាណា ហើយឯកឧត្តមក៏បានសន្យានឹងខិតខំធ្វើយ៉ាងណា ជម្រុញកិច្ចការនេះឲ្យបានឆាប់រហ័ស។
ក្នុងឱកាសនោះដែរភាគីទាំងពីរ ក៏បានធ្វើកិច្ចចុះហត្ថលេខា ទៅលើកំណត់ហេតុនៃកិច្ច ទំនាក់ទំនងសហប្រតិបត្តិការរវាង ក្រុងស៊ីសុងបាណា និងខេត្តសៀមរាប ដោយផ្តោតលើការលើកកម្ពស់ការផ្លាស់ប្តូរនិសិ្សត និង យល់ព្រមលើការរៀបចំឲ្យមានការហោះហើរត្រង់ពីក្រុងស៊ីសងប៉ាណា សៀមរាប ព្រមទាំងធ្វើការផ្សព្វផ្សាយ ពីសក្តានុពលទេសចរ ស៊ីសងប៉ាណា សៀមរាប ដោយរៀងរាល់ឆ្នាំនៅក្នុងក្រុងស៊ីសងប៉ាណា និង ខេត្តសៀមរាប រៀបចំកម្មវិធី ( សប្តាហ៍ សៀមរាប ឬ សប្តាហ៍ស៊ីសងប៉ាណា ) ដោយផ្តោតសំខាន់លើវិស័យទេសចរណ៍ខេត្តសៀមរាប និងក្រុងស៊ីសងប៉ាណា ។
ភាគីទាំងពីរក៏បានជម្រុញដល់រដ្ឋបាលខេត្តសៀមរាប និងក្រុងស៊ីសងប៉ាណាដើមី្បបន្តសហការរួមគ្នា ដោយស្មើសុំគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចុះអនុស្សរណៈយោគយល់គ្នា រវាងខេត្ត ក្រុង សម្ព័ន្ធមេត្រីភាពនៃប្រទេសទាំងពីរសំដៅបង្កើន កិច្ចសហប្រតិបត្តិការនឹងគ្នាលើគ្រប់វិស័យទៀតផង៕