ដំណឹងល្អៈកម្ពុជាចិនចាប់ផ្តើមបង្កើនជើងហោះហើរត្រង់បន្ថែមទៀត

0

ដោយ​ វុត្ថា​

សៀមរាបៈ ស្របពេលកំនើនទេសចរណ៍ និងអ្នកវិនិយោគចិនកើនឡើង ក្រុមហ៊ុនអាកាសចរណ៍ចិនថ្មីមួយទៀតហើយ ដើម្បីលើកកំពស់ទំនាក់ទំនង និងពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។

លោក ឡ ហុងជាំង អភិបាលក្រុងស៊ីសងបាណាខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងជំនួបពិភាក្សានិងចុះហត្ថលេខាស្តីពី កិច្ចសហប្រតិបត្តិការកាលពីម្សិលមិញបានដឹងថា ការឲ្យមានជើងហោះហើរដោយត្រង់ពីខេត្តសៀមរាប ទៅកាន់ទីក្រុងស៊ីសងប៉ាណា គឺជាការល្អបំផុតសម្រាប់ការជួយ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ម៉្យាងទៀតក៏ជាការជម្រុញលើវិស័យទេសចរណ៍ នៃប្រទេសទាំងពីរកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឲ្យសេដ្ឋកិច្ចប្រជាជនទាំងពីរ កាន់តែមានភាពល្អប្រសើរទ្វេរឡើង។

លោកបន្តថា “ក្រុងស៊ីសងប៉ាណាជាទីក្រុងមួយធំជាងគេនៅប្រទេសចិន ផ្នែកអភិរក្សសត្វព្រៃ ហើយក្រៅពីនេះទីក្រុងស៊ីសងប៉ាណា ក៏ជាទីក្រុង ដ៏ធំផ្នែកកសិកម្ម ជាពិសេ​សលើដំណាំតែ និង ចេក”។ លោកបន្តទៀតថា “ផលិតផលតែ និងចេកនេះ បាននាំឲ្យក្រុងស៊ីសងប៉ាណា ទទួលបានអ្នកទេសចរប្រមាណ៤លាននាក់ក្នុងមួយឆ្នាំៗ”។

ក្រៅពីចង់ឲ្យមានជើងហោះហើរត្រង់រវាងក្រុងស៊ីសងប៉ាណា និង ខេត្តសៀមរាប លោក ឡ ហុងជាំង ក៏មានបំណងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយខេត្តសៀមរាប លើផ្នែកកសិកម្ម និងការផ្លាស់ប្តូរ និស្សិតទៅសិក្សាទៅវិញទៅមកផងដែរ។

លោកទៀ សីហាអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ការលើកឡើងរបស់ប្រតិ​ភូសុំឲ្យមានជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ក៏ជាការជម្រុញឲ្យមានកំណើនអ្នកទេសចរណ៍ចូលមកទស្សនាប្រទេសកម្ពុជា សំខាន់ខេត្តសៀមរាប និងក៏ជាការជួយជម្រុញឲ្យជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរមានការរីកចម្រើនផងដែរ។ ការឆ្លើយតបនោះដែរ លោកទៀ សីហា បានឯកភាពចំពោះការលើកឡើង របស់អភិបាលក្រុងស៊ីសុងបាណា ហើយឯកឧត្តមក៏បានសន្យានឹងខិតខំធ្វើយ៉ាងណា ជម្រុញកិច្ចការនេះឲ្យបានឆាប់រហ័ស។

ក្នុងឱកាសនោះដែរភាគីទាំងពីរ ក៏បានធ្វើកិច្ចចុះហត្ថលេខា ទៅលើកំណត់ហេតុនៃកិច្ច ទំនាក់ទំនងសហប្រតិបត្តិការរវាង ក្រុងស៊ីសុងបាណា និងខេត្តសៀមរាប ដោយផ្តោតលើការលើកកម្ពស់ការផ្លាស់ប្តូរនិសិ្សត និង យល់ព្រមលើការរៀបចំឲ្យមានការហោះហើរត្រង់ពីក្រុងស៊ីសងប៉ាណា សៀមរាប ព្រមទាំងធ្វើការផ្សព្វផ្សាយ ពីសក្តានុពលទេសចរ ស៊ីសងប៉ាណា សៀមរាប ដោយរៀងរាល់ឆ្នាំនៅក្នុងក្រុងស៊ីសងប៉ាណា និង ខេត្តសៀម​រាប រៀបចំកម្មវិធី ( សប្តាហ៍ សៀមរាប ឬ សប្តាហ៍ស៊ីសងប៉ាណា ) ដោយផ្តោតសំខាន់លើវិស័យទេសចរណ៍ខេត្តសៀមរាប និងក្រុងស៊ីសងប៉ាណា ។


ភាគីទាំងពីរក៏បានជម្រុញដល់រដ្ឋបាលខេត្តសៀមរាប និងក្រុងស៊ីសងប៉ាណាដើមី្បបន្តសហការរួមគ្នា ដោយស្មើសុំគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចុះអនុស្សរណៈយោគយល់គ្នា រវាងខេត្ត ក្រុង សម្ព័ន្ធមេត្រីភាពនៃប្រទេសទាំងពីរសំដៅបង្កើន កិច្ចសហប្រតិបត្តិការនឹងគ្នាលើគ្រប់វិស័យទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here