ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ឆ្នាំ២០២៣ អាចចាត់ទុកជាឆ្នាំល្អសម្រាប់កម្ពុជា ដែលទទួលបានសមិទ្ធផលថ្មីៗ និងធំៗសម្រាប់ជួយជំរុញដល់សេដ្ឋកិច្ច និងការវិនិយោគពីក្នុង និងក្រៅប្រទេស។
ជាក់ស្ដែង ព្រលានយន្តហោះអន្តរជាតិចំនួនពីរ ដែលប្រើប្រាស់ រយៈពេលសាងសង់ជាយូរមកហើយ នឹងបញ្ចប់នៅក្នុងឆ្នាំនេះ ហើយក៏គ្រោងនឹងដំណើរការនៅក្នុងឆ្នាំនេះផងដែរ។
ព្រលាយន្តហោះអន្តរជាតិសៀមរាបអង្គរ គិតត្រឹមចុងខែមីនា ២០២៣ គឺសម្រេចបានប្រមាណ៩០ភាគរយ ហើយរំពឹងថានឹងដាក់ដំណើរការហោះហើរសាកល្បង នៅអំឡុងពាក់កណ្ដាលខែតុលា ឆ្នាំ ២០២៣ខាងមុខនេះ។
អ្វីដែលពិសេសនោះ គម្រោងព្រលានយន្តហោះអន្តរជាតិមួយនេះ បាននិងកំពុងទាក់ទាញ វិនិយោគិនជាតិនិងអន្តរជាតិជាច្រើន ចូលទៅកាន់ខេត្តសៀមរាប ដើម្បីសិក្សាស្វែងយល់និងស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តសៀមរាប។
អ្នកជំនាញនៃវិស័យអចលនទ្រព្យប្រចាំ ខេត្តសៀមរាបលោក សំ សីហា បានមានប្រសាសន៍ថា នៅពេលគម្រោងនេះសាងសង់រួច លោករំពឹងថា វិនិយោគិនបរទេស និងក្នុងស្រុកនឹងអាចចូលមកកាន់ខេត្តសៀមរាបន្ថែម ដើម្បីស្វែងកការវិនិយោគនានា ហើយតាមរយៈព្រលានយន្តហោះអន្តរជាតិនេះដែរ ក៏នឹងទាក់ទាញភ្ញៀវទេសចរបរទេសចូលមកកាន់ខេត្តកាន់តែច្រើន ជាពិសេសក្រោយពីស្ថានភាពសេដ្ឋកិច្ចសកលបានប្រសើរឡើងវិញ ។
យ៉ាងណាក្ដីលោកទទួលស្គាល់ថា ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលកំពុងតែមានបញ្ហា សកម្មភាពវិនិយោគនៅក្នុងខេត្តសៀមរាបពេលនេះ មិនទាន់ជាងមានសកម្មភាព ផុសផុលនៅឡើយទេ ហើយអនាគតសៀមរាប នឹងក្លាយជាតំបន់ទាក់ទាញមួយដ៏សំខាន់និងក្លាយជាគោលដៅវិនិយោគរបស់វិនិយោគិនអន្តរជាតិ ។
គម្រោងព្រលានយន្តហោះមួយទៀត ដែលគ្រោងនឹងដាក់ដំណើរការនៅក្នុងឆ្នាំ ២០២៣នេះ គឺព្រលានយន្តហោះអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង ។
ព្រលានយន្តហោះអន្តរជាតិមួយនេះ បានពន្យារពេលហោះហើរសាកល្បងម្ដងហើយម្ដងទៀត ខណៈវាបានសាងសង់រួចរាល់១០០ភាគរយទៅហើយ ។
ប៉ុន្តែបើតាមលោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុងបានបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិមួយនេះ នឹងដាក់ឱ្យដំណើរការហោះហើរសាកល្បង នៅក្នុងពាក់កណ្ដាលឆ្នាំ ២០២៣នេះ។
នៅពេលព្រលានយន្តហោះអន្តរជាតិមួយនេះ ដាក់ដំណើរការ លោកស្រីអភិបាលក៏បានរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរពីបរទេស ជាពិសេសពីប្រទេសចិន ចូលមកកាន់ខេត្តកោះកុង បន្ថែមទៀត ស្របនឹងខេត្តកោះកុង ក៏បានចងសម្ព័ន្ធភាពជាមួយខេត្តជាច្រើន នៅក្នុងប្រទេសចិន៕